ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៤ (៨៣) បទព្រហ្មគីតិ

ព្រះម្ចាស់លើពិភពទូទាំងសព្វលើផែនដី
ខ្ញុំស្ម័គ្រពន់ពេកក្រៃតំណាក់ថ្លៃព្រះអង្គណាស់
ខ្ញុំសែនអន្ទះសារចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
ចង់ចូលវិហារព្រះជាអម្ចាស់ទាំងចិត្តកាយ
ចិត្តចង់នៅជាមួយព្រះអង្គជួយមិនរសាយ
អស់ពីកម្លាំងកាយមិនមានណាយរួមទាំងចិត្ត
ត្រចៀកកាំនិងចាបជាដរាបវានែបនិត្យ
សំបុកធ្វើនៅជិតអាសនៈពិតនៃព្រះអង្គ
អស់អ្នកដែលបានស្នាក់ក្នុងដំណាក់ដ៏ត្រចង់
មានសុខ មង្គលផងសរសើរថ្កើងទ្រង់មិនឈប់
អ្នកណាដែលផ្អែកពឹងលើកម្លាំងព្រះជាម្លប់
ដ្បិតគេស្វែងមិនឈប់ដំណាក់គាប់ដោយស្មោះសរ
នៅពេលគេដើរកាត់ជ្រោះរីងស្ងួតគ្មានទឹកហូរ
ព្រះអង្គប្រទានពរទឹកធ្លាក់ឆរគ្រប់កន្លែង
គេខិតកាន់តែជិតឥតភ័យភិតព្រួយចំបែង
មានកម្លាំងក្រៃលែងនឹកស្ញប់ស្ញែងគ្រប់អាត្មា
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដ៏ថ្លៃថ្លា
លើភ្នំដ៏អស្ចារ្យឈ្មោះហៅថាភ្នំស៊ីយ៉ូន
ឱ! ព្រះជាអម្ចាស់មានតេជះខ្លាំងពេកពន់
ស្តាប់ពាក្យទូលបង្គំអង្វរសុំក្តីករុណា
ព្រះលោកយ៉ាកុបអើយកុំកន្តើយផ្ទៀងព្រះកាណ៌
សណ្តាប់យើងខ្ញុំណាដោយមេត្តាករុណាផង
១០ឱ! ព្រះជាអម្ចាស់ទតឱ្យច្បាស់កុំរំលង
មើលស្តេចដែលឃុំគ្រងជាខែលរងបាំងការពារ
សូមទ្រង់ព្រះសន្តោសមេត្តាប្រោសព្រះរាជា
ដែលព្រះអង្គគាំពារតែងតាំងងារដោយប្រេងជ័យ
១១មួយថ្ងៃដែលនៅក្នុងវិហារទ្រង់សប្បាយក្រៃ
ជាងរស់មួយពាន់ថ្ងៃនៅកន្លែងដទៃទៀត
ខ្ញុំបានសម្រេចចិត្តឈរនៅជិតមិនចង់ឃ្លាត
ជាជាងស្នាក់នៅបៀតលំនៅញាតិមនុស្សអាក្រក់
១២ព្រះជាម្ចាស់ដូចជាខែលការពារប្រាកដជាក់
ជាពន្លឺភ្លឺច្បាស់យើងម្នាក់ៗមានសិរី
ព្រះអង្គតែងតែផ្តល់សុខមង្គលដល់ប្រុសស្រី
រស់នៅដោយប្រពៃគ្មានទុក្ខភ័យផុតកង្វល់
១៣ឱ! ព្រះជាអម្ចាស់មានតេជះលើសាកល
អ្នកផ្ញើកាយមិនខ្វល់មានមង្គលសុខរហូត