ប្រវត្តិព្រះសហគមន៍
(១) ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានចាប់ផ្តើមជាង ៤៥៥ឆ្នាំមកហើយ។ ចាប់ពី១៥៥៥ ពេលដែល លោក ហ្គាស្ប៉ា ដាគ្រូស បព្វជិតជនជាតិព័រទុយហ្គាល់ បាននាំដំណឹងល្អ មកដល់ប្រទេសកម្ពុជា។ ក្រោយមក មានគ្រីស្តបរិស័ទភៀសខ្លួនពីឥណ្ឌូនេស៊ី និងជប៉ុន ក៏បានមកដល់ប្រទេសកម្ពុជា មកតាំងទីលំនៅនៅក្នុងស្រុកពញាឮ។ ពេលដែលប្រទេសកម្ពុជា ទទួលរងនូវការឈ្លានពានពីសំណាក់សៀម និងអាណាម មានគ្រីស្តបរិស័ទខ្មែរមួយចំនួន បានត្រូវសៀមកៀរយកទៅបាងកក ហើយមួយចំនួនដែលរត់រួច បានមកតាំងលំនៅ ហើយបង្កើតជាព្រះសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនៅក្នុងឆ្នាំ ១៧៩០ ។(រូបថតៈ Our Lady of the Assumption Cathedral, Battambang)
នៅក្នុងឆ្នាំ១៨៦៦ ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម បានស្នើសុំឱ្យព្រះសហគមន៍ រើមកតាំងនៅក្នុងទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះមកដំណើរវិវត្តន៍របស់ ព្រះសហគមន៍ក៏ចេះតែបន្តទៅមុខ រហូតដល់ពាក់កណ្តាលនៃសតវត្សរ៍ទី២០ ក្នុងឆ្នាំ ១៩៥៧ – កម្ពុជាក៏មានបូជាចារ្យជាជនជាតិខ្មែរលើកទី១ គឺលោក ស៊ីមន ឃឹមយិន។ ដោយសារព្រះសហគមន៍ កាន់តែមានការរីកចម្រើននោះ នៅឆ្នាំ១៩៦៨ សន្តអាសនៈ បានចែកព្រះសហគមន៍នៅកម្ពុជា ជាបីភូមិភាគ មានភ្នំពេញ បាត់ដំបង និងកំពង់ចាម។
ថ្ងៃ១៤ មេសា ១៩៧៥ លោកបូជាចារ្យ យ៉ូសែប ឆ្មារសាឡាស់ បានទទួលអគ្គសញ្ញា តែងតាំងជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អ៊ីវ រ៉ាមូស ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកកាន់កាប់ក្រុងភ្នំពេញ ប្រជាជននៅទីក្រុងត្រូវជម្លៀសចេញទាំងអស់។ គ្រីស្តបរិស័ទភ្នំពេញ ក៏ចេញជាមួយគេដែរ។ លោក សាឡាស់ លោកសាឡឹម លោកប៊ែរណា លោកសំរើន បព្វជិតសាមណេ ២រូប ដូនជី៦រូប និង កូនកំព្រា៩នាក់ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួន ត្រូវអង្គការខ្មែរក្រហម បញ្ជូនទៅដល់ភូមិតាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ។ ចំណែក លោកបូជាចារ្យ បរទេសទាំងឡាយដែលបម្រើការងារនៅកម្ពុជាត្រូវ អង្គការខ្មែរក្រហមបញ្ជូនឱ្យត្រលប់ទៅប្រទេសរបស់ខ្លួនវិញ ។
ខ្មែរក្រហមសម្លាប់លោកប៉ូលទេព អ៊ឹម សុត្ថា ជាអភិបាលព្រះសហគមន៍បាត់ដំបង និងបព្វជិតបារាំងមួយរូបឈ្មោះ យ៉ូហាន បាដេ នៅព្រែកជីក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៧៥។ លោក ឃឹម ផុនសជាបព្វជិត បែណេឌិកតូ ត្រូវគេសម្លាប់នៅភូមិសាលាវិស័យ ខេត្តកំពង់ធំ ចុងឆ្នាំ១៩៧៥។ ខ្មែរក្រហមវាយកំទេចព្រះវិសាលវិហារ នៅភ្នំពេញ បាត់ដំបង កំពង់ចាម និងព្រះវិហារ ជាច្រើន ទៀតឲ្យខ្ទេចស្ទើរគ្មានសល់។
(២) នៅតាំងគោកអស់លោក ក៏ដូចប្រជាជនដទៃទៀតដែរ ត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ។ ពេលធ្វើការនៅការដ្ឋាន អស់លោកសង្ឃឹមថា នឹងបានជួបគ្រីស្តបរិស័ទ ដែលលោកស្គាល់ ដើម្បីលើកទឹកចិត្តពួកគេ តែសេចក្តីនេះមិនសម្រេចឡើយ។ ដើមឡើយ អស់លោក ធ្វើការនៅតាមភូមិនានានៅជិតៗ។ ពួកលោកតែងស្កាត់ទៅជួបគ្នា អស់លោកក៏បានថ្វាយអភិបូជា ចុងក្រោយរួមគ្នា មុនអស់លោកត្រូវចែកផ្លូវគ្នា ក្នុងពេលនោះ៖ គ្រីស្តបរិស័ទបានរួមគ្នានៅជិតអស់លោក ដោយធ្វើការងាររៀងៗខ្លួន ដូចជា ដងទឹកអណ្តូង ឈូសដំឡូង ខ្លះបិតឫស្សី និងខ្លះនៅចង្ក្រាន ដាំទឹកជាដើម ដើម្បីមើលផ្លូវ។ (រូបភាព៖ Cathédrale de Phnom Penh, French Gothic Revival Cathedral, completed by French in 1962, destroyed by Khmer Rouge in 1975.)
នៅក្នុងរយៈពេលជាង៣ឆ្នាំនេះ ព្រះវិហារទាំងឡាយត្រូវបានបំផ្លាញទាំងស្រុង លោកអភិបាល យ៉ូសែប ឆ្មារសាឡាស់ ត្រូវស្លាប់នៅឆ្នាំ១៩៧៧ ដោយសារធ្វើការធ្ងន់ លោកសំរើន លោកសាឡឹម លោកប៊ែរណា និង បរិស័ទជាច្រើន ទៀតត្រូវគេសម្លាប់។
(៣) ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ១៩៧៩ គ្រីស្តបរិស័ទភ្នំពេញ ក៏ដូចប្រជាជនទូទៅដែរ បានវិលត្រលប់មកក្រុងភ្នំពេញវិញ។ គ្រីស្តបរិស័ទមួយចំនួនតូច បានទៅ នៅតាមជំរំជនភៀសខ្លួន នៅព្រំដែនកម្ពុជា-ថៃ។ អ្នកដែលរស់នៅក្នុងប្រទេសបាន ខិតខំរក្សា ជំនឿរបស់ខ្លួន ព្យាយាមជួបជុំគ្នាដោយលួចលាក់នៅតាមផ្ទះនានា រងកាស៊ើបអង្កេត និងតិះដៀលជាអន្លើ។
ជាលើកទី១ ដែលគ្រីស្តបរិស័ទកាតូលិកបានរួមគ្នាថ្វាយអភិបូជាក្រោមអធិបតីយភាពលោក អេមីល ដេតម្ប។ នៅឆ្នាំ១៩៩២ លោក អ៊ីវ រ៉ាមូស វិលត្រលប់មកកម្ពុជាវិញ ក្នុងមុខងារជាអភិបាលនៃព្រះសហគមន៍ភូមិភាគភ្នំពេញ រហូតដល់ឆ្នាំ២០០១ និងជាអ្នក មើលការខុសត្រូវ ភូមិភាគបាត់ដំបងរហូតដល់ឆ្នាំ២000។ ពីឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ន មានក្រុមគ្រួសារបព្វជិត បព្វជិតា និងសាសនទូតមកពីប្រទេសផ្សេងៗ មកបម្រើព្រះសហគមន៍កាតូលិកនៅកម្ពុជា។ នៅឆ្នាំ ១៩៩៤ សន្តអាសនៈ មានចំណងការទូតជាមួយព្រះ រាជាណាចក្រកម្ពុជា។
នៅខែកក្កដា ឆ្នាំ១៩៩៥ យុវជនជាតិខ្មែរមួយរូប ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យកាតូលិកលើកដំបូង។ នៅឆ្នាំ១៩៩៧ លោកអេមីល ដេតម្ប បាន ទទួលអគ្គសញ្ញាតែងតាំងជាអភិបាលឧបត្ថម្ភកៈ ក្នុងភូមិភាគភ្នំពេញ។ នៅឆ្នាំ ២០០១ លោកទទួល មុខងារពេញសិទ្ធិពី លោក អ៊ីវ រ៉ាមូស ជាអភិបាលភូមិភាគភ្នំពេញ។ នៅខែឧសភាឆ្នាំ ២០០០ លោក អន់តូនីសាមី ស៊ូសៃរាជ្យ ទទួលភារកិច្ចណែនាំគ្រីស្តបរិស័ទក្នុងភូមិភាគកំពង់ចាម។ នៅខែកក្កដា ឆ្នាំ ២០០០ លោក អេនរីគេ (គីគេ) ហ្វីការេដូ ទទួលភារកិច្ចណែនាំគ្រីស្តបរិស័ទ ភូមិភាគបាត់ដំបង។ នៅខែ ធ្នូ ២០០១ មានយុវជន ខ្មែរបួនរូបទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យមាន ពីររូបបម្រើការនៅភូមិភាគភ្នំពេញ។