ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៥ (៨៤) បទកាកគតិ

បពិត្រព្រះម្ចាស់ព្រះអង្គគាប់ព្រះទ័យនឹងទឹកដី
ទ្រង់បានដឹកនាំពូជពង្សប្រពៃយ៉ាកុបថ្លាថ្លៃ
ឱ្យវិលមកវិញ
ព្រះអង្គលើកទោសអស់ប្រជារាស្រ្តឥតមានទោម្នេញ
ឱ្យគេរួចបាបមកល្អជាវិញចិត្តគេពោរពេញ
អំណរសប្បាយ
ទ្រង់លែងពិរោធឈប់ខ្ញាល់លែងក្រោធដល់យើងទាំងឡាយ
ទ្រង់តែងមេត្តាយើងលែងខ្វល់ខ្វាយបានសុខសប្បាយ
ដោយសារព្រះអង្គ
ព្រះម្ចាស់ឧត្តមសង្គ្រោះថ្នាក់ថ្នមបីបមត្រកង
សូមប្រោសឱ្យខ្ញុំត្រឡប់វិញផងហើយសូមព្រះអង្គ
កុំយកទោសា
តើព្រះអង្គខ្ញាល់ពួកយើងនេះដល់រហូតពេលណា
ឬទ្រង់ពិរោធរៀងរាល់វេលាឬក៏អស់ជា
អង្វែងតទៅ
តើទ្រង់មិនបានយាងមកទីស្ថានឱ្យខ្ញុំរស់នៅ
មានទាំងជិវិតសែនល្អពេកកូវពីនេះតទៅ
អំណរសប្បាយ
ឱ! ព្រះអម្ចាស់សូមសម្តែងព្រះហឫទ័យទូលាយ
មេត្តាករុណាអាសូរប្រណីមកខ្ញុំរាល់ថ្ងៃ
សូមសង្គ្រោះផង
យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្តាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្តគ្មានហ្មងលើរាស្ត្រទ្រង់ផង
ដែលមិនលេលា
១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមា
នៅលើដីយើង
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សម្បូរមិនខ្វះ
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសាន្តរហូត