ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០៧ (១០៦) បទព្រហ្មគីតិ

ចូរលើកតម្កើងព្រះជាអម្ចាស់មានព្រះទ័យ
ដ្បិតទ្រង់សប្បុរសក្រៃត្រាប្រណីរៀងរហូត
អ្នកដែលព្រះជាអម្ចាស់បានរំដោះឱ្យរបូត
ពោលពាក្យនេះរហូតកុំភរភូតត្រូវស្ម័គ្រស្មោះ
ព្រះអង្គប្រមូលជុំមកពីភូមិគ្មានចន្លោះ
នាំយកមកទាំងអស់ពីកើតកោះលិចជើងត្បូង
អ្នកខ្លះត្រូវវង្វេងវាលបែកផ្សែងដីប្រេះខូង
រកស្រុកភូមិទាំងពួងស្នាក់នៅផងអ្វីក៏គ្មាន
គេស្ទើតែដាច់ពោះសឹងមិនរស់ព្រោះតែឃ្លាន
រកទឹកក៏មិនបានបាត់បងប្រាណទាំងទឹកចិត្ត
ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
ព្រះអង្គបានដឹកនាំគេដាក់ចំក្រុងល្អស្រស់
ដែលគេបានសង្គ្រោះ​អាស្រ័យរស់ដោយសុខសាន្ត
គេត្រូវលើកតម្កើងព្រះខ្ពស់ឡើងហួសទីស្ថាន
ករុណាដែលទ្រង់មានប្រោសប្រទានគ្មានជិនណាយ
ដ្បិតទ្រង់ប្រទានទឹកឱ្យអ្នកផឹកលែងខ្វល់ខ្វាយ
ប្រទានម្ហូបនិងបាយអ្នកទាំងឡាយឆីតាមចង់
១០អ្នកខ្លះទៀតរស់នៅទីជម្រៅងងឹតស្លុង
ជាអ្នកជាប់នៅក្នុងច្រវាក់ឃាំងយ៉ាងវេទនា
១១ដ្បិតគេបានតតាំងបះប្រឆាំងព្រះដែលជា
ម្ចាស់ដែលតែងការពារមិននឹកនាពាក្យប្រដៅ
១២ព្រះអង្គលុតដំគេឱ្យជួបតែទុក្ខសោកសៅ
វេទនាគ្មានអ្នកហៅ​​​​​​ពួកគេត្រូវធ្លាក់ទឹកចិត្ត
១៣ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
១៤ព្រះអង្គនាំគេគេចពីអំណាចស្លាប់ឱ្យរស់
ទ្រង់ផ្តាច់ចេញទាំងអស់ច្រវាក់ខ្នោះផុតពីដៃ
១៥គេត្រូវលើកតម្កើងព្រះម្ចាស់ឡើងឱ្យប្រពៃ
ដែលសម្តែងព្រះទ័យប្រោសប្រណីចំពោះមនុស្ស
១៦ដ្បិតព្រះអង្គបំបាក់សោរច្រវាក់ដែកទាំងអស់
ឯទ្វារលង្ហិននោះទ្រង់បោកបោះបំបែកបាន
១៧ខ្លះទៅជាល្ងីល្ងើព្រោះអំពើបាបរំខាន
កំហុសទាំងប៉ុន្មានធើ្វឱ្យប្រាណគេខ្លោចផ្សា
១៨គេព្រួយបារម្ភខ្លាំងលែងចង់ទាំងលេបអាហារ
ព្រួយខ្លាចសូន្យសង្ខារក្តីមរណាកាន់តែជិត
១៩ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
២០ព្រះអង្គមានបន្ទូលឱ្យប្រមូលពួកទាំងនោះ
ឱ្យគេបានជាអស់និងរំដោះបានប្រពៃ
២១ពួកគេត្រូវតម្កើងព្រះខ្ពស់ឡើងផុតផែនដី
និងស្នាព្រះហស្តថ្លៃទ្រង់ប្រណីមកមនុស្សា
២២គេត្រូវតែដាក់ថ្វាយយញ្ញទាំងឡាយជាសក្ការ
អរគុណសព្វប្រការថ្លែងពីស្នាព្រះហស្តផង
២៣អ្នកដែលដើររកស៊ីគ្រប់ទិសទីកុំមានហ្មង
តាមផ្លូវសមុទ្រផងគ្រានេះម្តងយល់ហេតុការណ៍
២៤បានឃើញស្នាព្រះហស្តព្រះអម្ចាស់ដ៏ថ្លៃថ្លា
សព្វកិច្ចដ៏អស្ចារ្យគ្រប់ប្រការនៅសមុទ្រ
២៥ពេលព្រះជាអម្ចាស់បន្ទូលច្បាស់លាស់បំផុត
ខ្យល់បោកបក់គួរស្លុតទឹកសមុទ្ររលកខ្លាំង
២៦ធ្វើឱ្យតួនាវាសែនគ្រាំគ្រាបោកគ្រាំគ្រាំង
ជួនលិចជួនងើបឡើងជួនផាត់ប៉ើងស្ទើរមរណា
២៧ពួកគេវិលវល់់ខ្លាំងដូចស្រវឹងគ្រប់អាត្មា
ថែមទាំងលែងដឹងថាធ្វើយ៉ាងណារួចជីវិត
២៨ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
២៩ព្រះអង្គបានបង្ក្រាបសមុទ្ររាបព្យុះស្ងាត់អស់
រលកក៏ថយចុះឈប់ទាំងអស់នៅស្ងាត់ស្ងៀម
៣០គេត្រេកអរខ្លាំងណាស់ដោយដឹងច្បាស់ព្រះគំរាម
រលកសមុទ្រស្ងៀមទ្រង់ដឹងនាំឱ្យផុតភ័យ
៣១ពួកគេលើកតម្កើងព្រះម្ចាស់ឡើងដោយប្រពៃ
ដែលសម្តែងព្រះទ័យប្រោសប្រណីគ្រប់មនុស្សម្នា
៣២គេថ្កើងនាមព្រះអង្គក្នុងប្រជុំជននានា
ក្នុងក្រុមចាស់ព្រឹទ្ធាឱ្យគ្រប់គ្នាបានយល់ដឹង
៣៣ព្រះអង្គឱ្យទន្លេហូររាល់ខែវស្សាប្រាំង
ទៅជាវាលស្ងាត់ឈឹងទឹកក៏រាំងរឹងហួតហែង
៣៤ទ្រង់ធ្វើឱ្យទឹកដីទៅជាប្រៃគ្រប់កន្លែង
ដីស្ងួតប្រេះក្រហែងព្រោះខ្លាចក្រែងគេមិនត្រង់
៣៥ព្រះអង្គអាចធ្វើឱ្យទីវាលក្លាយប្រែជាបឹង
ដីហួតស្ងួតប្រេះរឹងវាលស្ងាត់ឈឹងប្រែមានទឹក
៣៦ទ្រង់នាំអ្នកស្រេកឃ្លានទៅរស់រានច្រើនសន្ធឹក
ទៅរស់នៅជិតទឹកក្រុងសន្ធឹកនៅទៀតផង
៣៧ពួកគេបានសាបព្រោះដំណាំដុះស្រស់ហ្មត់ហ្មង
ទំពាំងបាយជូរផងល្អបំព្រងបេះយកផល
៣៨ព្រះអង្គប្រទានពរជ័យបវរសុខមង្គល
កកើតឱ្យបានដល់ទាំងហ្វូងសត្វក៏មិនអន់
៣៩ពេលពួកគេថយចុះបាត់កិត្តិយសគ្រោះអាសន្ន
ពួកសត្រូវជិះជាន់ឥតស្រាកស្រាន្តរងទុក្ខសោក
៤០ព្រះអង្គធ្វើឱ្យអ្នកមានបុណ្យសក្តិចុះទាបថោក
វង្វេងមិនអាចរកផ្លូវទៅមកឃើញសោះឡើយ
៤១តែទ្រង់តែងសង្គ្រោះអ្នកគ្មានយសក្រខ្សត់ខ្សោយ
អ្នកទាបបានធូរស្បើយបានកូនសាយច្រើនពន់ពេក
៤២ពេលពួកអ្នកសុចរិតឃើញរឿងពិតអរអនេក
អ្នកទុច្ចរិតលែងស្រែកគួរសង្វេគនៅស្ងៀមស្ងាត់
៤៣អស់អ្នកមានប្រាជ្ញាត្រូវកត់ត្រាកុំឱ្យបាត់
ទុកជាទីកំណត់យល់ឱ្យហ្មត់ស្នាព្រះហស្ត
៤៤មានច្រើនមហិមាអស្ចារ្យជារាប់មិនអស់
ព្រះហឫទ័យសន្តោសប្រណីប្រោសនៃព្រះម្ចាស់