ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៩ (៥៨) បទកាកគតិ

ឱព្រះម្ចាស់អើយសូមកុំកន្តើយជួយរំដោះខ្ញុំ
ឱ្យរួចពីខ្មាំងសត្រូវតូចធំវាមានគំនុំ
ចង់ចាប់ធ្វើបាប
សូមជួយរំដោះជីវិតឱ្យរស់ជារៀងដរាប
ផុតពីពួកពាលពីអ្នកសាងបាបអាក្រក់ឆ្អេះឆ្អាប
ពួកជនស្រេកឈាម
ឱព្រះអម្ចាស់ទោះខ្ញុំពុំខុសក៏គេព្យាយាម
ចាំស្ទាក់ប្រហារជីវិតខ្ញុំភ្លាមពួកគេព្យាយាម
ប្រឆាំងជានិច្ច
ទោះខ្ញុំមិនខុសក៏ពួកទាំងនោះនៅតែមានល្បិច
ពួនចាំស្ទាក់ចាប់រូបខ្ញុំមិនភ្លេចសូមកុំកែគេច
បែរភក្ត្រមើលផង
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយជាព្រះខ្ពស់ខ្ពង់
លើពិភពលោកគ្មានអ្វីស្មើទ្រង់សូមជួយខ្ញុំផង
ដាក់ទោសពួកក្បត់
ល្ងាចគេនាំគ្នារូតរះម្នីម្នាតាមពេលកំណត់
ដើរលូដូចឆ្កែដែលរសាត់ព្រាត់ដើរក្រឡឹងព័ទ្ធ
ជុំក្រុងទាំងអស់
មាត់របស់គេពោលមិនគិតទេពាក្យអសុរស
ដូចដាវដ៏មុតនិយាយគំរោះពួកគេទាំងនោះ
ថាគ្មានគេឮ
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយអ្នកសើចបញ្ឈឺ
ឱ្យពួកទាំងនោះចុកចាប់ផ្សាឈឺគ្រប់ជាតិដឹងឮ
ទ្រង់សើចចំអក
១០រូបខ្ញុំខំប្រឹងមើលទៅព្រះអង្គមិនឱ្យខានខក
ទ្រង់ជាកម្លាំងកំពែងជម្រកមិនឱ្យខ្មាំងមក
ពាធាបំភ័យ
១១ព្រះរបស់ខ្ញុំហឫទ័យទូលំទូលាយឥតបី
មេត្តាករុណាសន្តោសប្រណីឱ្យខ្ញុំសប្បាយ
ដោយខ្មាំងចាញ់ដៃ
១២ព្រះម្ចាស់ជាខែលការពារក្រវែលរក្សាយប់ថ្ងៃ
សូមកុំប្រហារជីវិតគេក្ស័យក្រែងជនប្រុសស្រី
ភ្លេចជ័យព្រះអង្គ
១៣ពេលគេហាមាត់និយាយស្តីសុទ្ធពាក្យមិនទំនង
សូមឱ្យពួកគេជាប់អន្ទាក់ផងព្រោះចិត្តគេប៉ង
កុហកផ្តាសា
១៤សូមបំផ្លាញឱ្យពួកគេអន្តរាយវិនាសអសារ
នោះទើបពួកគេបានដឹងច្បាស់ថាព្រះគឺក្សត្រា
ជាម្ចាស់ពិភព
១៥ល្ងាចគេនាំគ្នារូតរះម្នីម្នាឥតមានឈរឈប់
ដើរលូដូចឆ្កែទាំងថ្ងៃទាំងយប់ដើរព័ទ្ធឥតឈប់
ជុំវិញទីក្រុង
១៦ពួកគេដើរជ្រកតត្រុកទៅមកដោយក្តីសៅហ្មង
ស្វែងរកអាហារចម្អែតពោះផងគ្រហឹមម្តងៗ
ព្រោះស៊ីមិនគ្រប់
១៧រីឯខ្មុំវិញក្នុងចិត្តពោរពេញសរសើរមិនឈប់
ច្រៀងលើកតម្កើងព្រះម្ចាស់ជាម្លប់ថ្លែងមិនឈរឈប់
ហឫទ័យមេត្តា
ពេលព្រឹកព្រលឹមថ្លែងទាំងញញឹមពីក្តីករុណា
របស់ព្រះអង្គជាកំពែងការជួយខ្ញុំនេះណា
ពេលអាសន្នភ័យ
១៨បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះមានឫទ្ធិបារមី
ខ្ញុំនឹងច្រៀងស្មូតបទតម្កើងថ្វាយព្រះអង្គនេះហើយ
ជាកំពែងមាំ