ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤៤ (៤៣) បទកាកគតិ

បពិត្រព្រះម្ចាស់ដូនតាចាស់ៗធ្លាប់រៀបរាប់ប្រាប់
ឱ្យយើងខ្ញុំឮហើយបានត្រងត្រាប់ស្នាព្រះហស្តគ្រប់
ដែលទ្រង់ប្រព្រឹត្ត
ព្រះអង្គប្រដេញជាតិនានាចេញមិនឱ្យនៅជិត
ដោយសារបារមីព្រះអង្គមានឫទ្ធិឱ្យរាស្រ្តមកស្ថិត
ជុំជិតការពារ
ទឹកដីទាំងអស់គឺមិនមែនរាស្រ្តឈ្នះមកដោយសារ
កម្លាំងអាវុធខ្លួនគេឡើយណាឬឈ្នះដោយសារ
កម្លាំងខ្លួនអី
គឺគេបានឈ្នះដោយសារតេជះឫទ្ធីបារមី
និងព្រះចេស្តាព្រះអង្គខ្លាំងក្រៃព្រោះព្រះអង្គថ្លៃ
ស្រឡាញ់គេណាស់
បពិត្រព្រះអើយព្រះអង្គនេះហើយជាក្សត្រជាក់ច្បាស់
មានតែទ្រង់ទេផ្តល់ជ័យជំនះដល់ប្រជារាស្រ្ត
បានសុខសិរី
ដោយសារទ្រង់ហើយយើងខ្ញុំបានស្បើយយកជំនះជ័យ
លើបច្ចាមិត្រដោយព្រះនាមល្បីបង្ក្រាបអស់ដៃ
អ្នកដែលប្រឆាំង
ខ្ញុំមិនផ្អែកពឹងទៅលើពំនឹងធ្នូជាកម្លាំង
ក៏មិនមានជ័យដោយដាវចម្បាំងគឺពឹងរនាំង
របាំងព្រះម្ចាស់
មានតែព្រះអង្គដែលបានតម្រង់ឱ្យខ្ញុំបានឈ្នះ
លើពួកបច្ចានិងមនុស្សទាំងអស់ដែលស្អប់ខ្ញុំនោះ
អាម៉ាស់មុខក្រៃ
យើងខ្ញុំទាំងអស់ថ្កើងសិរីយសព្រះអម្ចាស់ថ្លៃ
ខ្ញុំលើកតម្កើងទាំងយប់ទាំងថ្ងៃតម្កើងបារមី
របស់ព្រះអង្គ
១០តែឥឡូវនេះព្រះអង្គបានលះចោលខ្ញុំសូន្យបង់
មិនយាងជាមួយមិនជួយតម្រង់មិននាំទ័ពផង
ឱ្យខ្ញុំបាក់មុខ
១១ព្រះអង្គធ្វើឱ្យខ្ញុំដកទ័ពថយនៅមិនបានសុខ
មុខបច្ចាមិត្តដែលបានសម្រុកប្រមូលទ្រព្យទុក
ធ្វើជាជយភណ្ឌ
១២ព្រះអង្គប្រគល់រូបយើងខ្ញុំផ្ទាល់ឱ្យខ្មាំងជិះជាន់
គេលេបត្របាក់សង្កត់សង្កិនកំចាយរូបខ្ញុំ
ទៅស្រុកនានា
១៣ព្រះអង្គបានលក់រាស្រ្តអស់ទាំងស្រុកថោកឥតឧបមា
ខ្ញុំស្មានមិនយល់ទ្រង់គ្មានករុណាម្តេចធ្វើច្នេះណា
លក់មិនចំណេញ
១៤ព្រះអង្គបណ្តោយប្រទេសមុខក្រោយជិតខាងជុំវិញ
មើលងាយយើងខ្ញុំចំអកជ្រក់ជ្រេញខ្ញុំសែនទោម្នេញ
ដោយក្តីអាម៉ាស់
១៥ព្រះអង្គធ្វើឱ្យប្រជាជិតឆ្ងាយយករឿងខ្ញុំនេះ
ជាល្បែងលេងសើចចំអកដៀលត្មះឱ្យពួកទាំងនេះ
មើលងាយយើងខ្ញុំ
១៦ខ្ញុំសែនអៀនខ្មាសមនុស្សម្នាដេរដាសមើលងាយសើចយំ
ថ្ងៃដេកកើតទុក្ខយប់ដេកសំងំអាម៉ាស់មុខធំ
និយាយមិនបាន
១៧ពេលខ្ញុំឮសូរសម្រែកខ្មាំងហ៊ោរប៉ុនប៉ងរំខាន
ចង់ចងគំនុំឥតឈប់ស្រាកស្រាន្តបន្ថោកទាំងប្រាណ
យើងដូចសត្វធាតុ
១៨ឱព្រះម្ចាស់អើយហេតុទាំងនេះហើយកើតហើយកើតទៀត
យើងខ្ញុំពុំភ្លេចមិនបែកឃ្លាឃ្លាតហើយមិនរវាត
សម្ពន្ធមេត្រី
១៩យើងខ្ញុំពុំបានបែកចិត្តគេចប្រាណពីព្រះម្ចាស់ថ្លៃ
ឬធ្វើព្រងើយកាត់ផ្តាច់និស្ស័យក៏ពុំឃ្លាតឆ្ងាយ
ពីព្រះមាគ៌ា
២០មិនគួរព្រះអង្គបំបរបំបង់ឱ្យខ្ញុំកំព្រា
នៅក្នុងកន្លែងខ្លាសិង្ហស្វានស្វាខ្ញុំសែនវេទនា
ក្នុងដៃមច្ចុរាជ
២១ប្រសិនបើខ្ញុំបំភ្លេចព្រះនាមឬមានកលកិច្ច
បែរទៅគោរពព្រះផ្សេងមានល្បិចឬចង់កែគេច
នោះទ្រង់នឹងដឹង
២២ទ្រង់ជ្រាបចិត្តមនុស្សទោះស្រីឬប្រុសគ្មានអ្វីកំបាំង
អ្វីក៏ទ្រង់យល់សព្វអស់ទាំងពួងដែលលាក់កំបាំង
នៅក្នុងចិត្តមនុស្ស
២៣ពួកគេប្រហារយើងខ្ញុំគ្រប់គ្រាឥតមានចន្លោះ
ព្រោះតែព្រះអង្គគេទុកខ្ញុំនេះដូចចៀមគោសេះ
សម្រាប់់ប្រហារ
២៤ឱព្រះម្ចាស់អើយកុំបង្អង់ឡើយសូមប្រែកាយា
ម្តេចក៏ព្រះអង្គផ្ទុំលក់ច្នេះណាកុំដាច់មេត្តា
ខ្ញុំរហូតឡើយ
២៥ហេតុអ្វីព្រះអង្គបែរភក្ត្រចេញវឹងគ្មានស្រណោះស្ដាយ
ធ្វើដូចមិនស្គាល់បំភ្លេចព្រងើយខ្ញុំវេទនាហើយ
ត្រូវគេជិះជាន់
២៦គេបានជាន់ឈ្លីខ្ញុំក្នុងធូលីចុកចាប់ពេកពន់
ខ្ញុំបរាជ័យធ្ងន់អើយសែនធ្ងន់ស្ទើរតែក្ស័យជន្ម
ផុតពីផែនដី
២៧ព្រះអើយក្រោកឡើងកុំនៅឆ្មៃឆ្មើងសូមទ្រង់ប្រណី
យាងមករំដោះដោយទឹកព្រះទ័យករុណាប្រណី
សង្គ្រោះកុំខាន