ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៩ បទពាក្យ៧

បពិត្រព្រះម្ចាស់ជាទីពឹងទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើងមានទាំងប៉ុន្មានឱ្យគេស្តាប់
ព្រោះតែព្រះអង្គខ្ញុំត្រេកអររីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀបសូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ
ពួកខ្មាំងសត្រូវដកខ្លួនថយសូមព្រះអង្គជួយទូលបង្គំ
ឱ្យវាជំពប់ជើងដួលគ្រាំវិនាសនៅចំពោះព្រះភក្ត្រ
ទ្រង់រកយុត្តិធម៌ល្អថ្លៃថ្លាឱ្យគេឃើញថារូបខ្ញុំជាក់
គ្មានទោសពៃរ៍អ្វីគួរចាប់ថ្នាក់ក្នុងព្រះឋានៈជាចៅក្រម
ព្រះអង្គគំរាមសាសន៍នានាពួកមនុស្សពាលាវិនាសព្រម
កេរ្តិ៍ឈ្មោះពួកគេត្រូវរលំខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់
ពួកខ្មាំងសត្រូវនឹងខ្ចាត់ខ្ចាយវិនាសអន្តរាយច្រើនកប្បកល្ប
ទីក្រុងនានារលាយខ្សុលគ្មានគេនឹកដល់ឃើញទៀតឡើយ
ព្រះជាអម្ចាស់ឡើងគ្រងរាជ្យពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ
ព្រះអង្គគ្រប់គ្រងលើផែនដីប្រកបដោយក្តីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជាយុត្តិធម៌ឥតរាមិនអាស្រូវ
១០សូមព្រះអម្ចាស់ជាបន្ទាយការពាររាងកាយអ្នកដែលត្រូវ
គេជិះគេជាន់កប់សែនជ្រៅសូមការពារនៅពេលអាសន្ន
១១សូមឱ្យអស់អ្នកដែលស្គាល់ព្រះនាមព្រះអម្ចាស់ឆាប់រួសរាន់
ទុកចិត្តព្រះអង្គជាបន្ទាន់ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ
១២ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់យើងដែលគង់កើយ
នៅក្រុងស៊ីយ៉ូនណាអ្នកអើយប្រកាសប្រាប់ហើយជនទាំងឡាយ
១៣ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេក្រែលឥតសោកស្តាយ
ព្រះអង្គមិនភ្លេចក្តីអន្តរាយសម្រែកជិតឆ្ងាយជនរងគ្រោះ
១៤សូមព្រះមេត្តាទូលបង្គំទតមករូបខ្ញុំដែលជាមនុស្ស
រងទុក្ខលំបាកស្ទើរមិនរស់ព្រោះខ្មាំងទុយ៌សមកពាធា
១៥ទូលបង្គំសរសើរលើកតម្កើងព្រះអង្គគ្រប់យ៉ាងនៅមាត់ទ្វារ
ទីក្រុងស៊ីយ៉ូនរាល់ទិវាសប្បាយគ្រប់គ្នាអរពេកពន់
១៦ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណដែលពួកគេបានដាក់បង្កប់
១៧ព្រះជាអម្ចាស់បានសម្តែងឱ្យដល់គេឯងបានស្គាល់សព្វ
ព្រះអង្គកាត់ទោសមិនឈរឈប់ឱ្យពួកគេជាប់អន្ទាក់ខ្លួន
១៨សូមឱ្យពពួកជនអាក្រក់ជនជាតិកខ្វក់ទាំងប៉ុន្មាន
ដែលគេបំភ្លេចម្ចាស់ថ្កើងថ្កានវិលរកទីស្ថានមនុស្សស្លាប់ចុះ
១៩ព្រះអង្គមិនភ្លេចជនក្រក្រីនៅលើផែនដីនេះទាំងអស់
ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះអ្នកវេទនានោះមិនសូន្យឡើយ
២០សូមកុំឱ្យមនុស្សលោកមានជ័យសូមវិនិច្ឆ័យកុំកន្តើយ
ដាក់ទោសប្រជាជាតិនោះហើយនៅជិតបង្កើយព្រះភក្ត្រទ្រង់
២១សូមព្រះអម្ចាស់ធ្វើឱ្យគេតក់ស្លុតឥតរេខ្វះទីពឹង
ឱ្យជាតិទាំងឡាយបានយល់ដឹងថារូបគេហ្នឹងមនុស្សធម្មតា