ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣ បទបន្ទោលកាក

ឱ! ព្រះអម្ចាស់សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំក៏មកមូលផ្តុំច្រើនដែរ
អ្នកខ្លះពោលថា៖«អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្គ្រោះទេទ្រង់ទុកឱ្យគេឯកា»
ឱ! ព្រះអម្ចាស់ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារដល់ខ្ញុំនេះណាពិតណាស់
ព្រះអង្គប្រទានសិរីឱ្យមានត្រចះ
ហើយព្រះអង្គប្រោសឱ្យខ្ញុំងើបមុខវិញបាន
ខ្ញុំហៅរកព្រះជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បានតបឆ្លើយពីភ្នំឥតសល់
ខ្ញុំទម្រេតខ្លួនលង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ដ្បិតទ្រង់ផ្តល់ការគាំទ្រ
ទោះបីមានមនុស្សលើកគ្នាស្រីប្រុសឈូឆរ
ប្រឆាំងតបតក៏ខ្ញុំមិនភ័យខ្លាចដែរ
ព្រះអម្ចាស់អើយសូមកុំព្រងើយងាកបែរ
សូមកុំកែប្រែមេត្តាជួយរូបខ្ញុំផង
ព្រះអង្គមិនខ្លាចទ្រង់ប្រើអំណាចតែម្តង
បំបាក់ធ្មេញផងទះកំផ្លៀងខ្មាំងសត្រូវ
ឱ! ព្រះអម្ចាស់ទ្រង់ពិតជាព្រះនាំផ្លូវ
សូមប្រទាននូវព្រះពរដល់ទៅរាស្រ្តផង