ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤០ (៣៩) បទពាក្យ ៧

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលំអៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ជនណាដែលបានផ្ញើជីវិតលើព្រះមានឫទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាចព្រះមានអំណាចព្រះបោកប្រាស
បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំព្រះអង្គឧត្តមប្រសើរណាស់
ការអស្ចារ្យទ្រង់ច្រើនដេរដាសជាព្រះសង្គ្រោះមិនបែកបែរ
ព្រះអង្គក៏មានគម្រោងការច្រើនឥតឧបមាឥតងាករេ
គ្មាននរណាស្មើព្រះអង្គទេការអស្ចារ្យទ្វេរាប់មិនអស់
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះរូបខ្ញុំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ខ្ញុំប្រព្រឹត្តតាមឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ខ្ញុំសែនពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ
១១ខ្ញុំមិនលាក់ទេក្តីសុចរិតទុកក្នុងដួងចិត្តតែងប្រកាស
ព្រះហឫទ័យនៃព្រះអម្ចាស់ដែលបានសង្គ្រោះទូលបង្គំ
រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀមសំងំអឹមអៀនក្នុងប្រជុំ
ពីព្រះហឫទ័យដ៏ឧត្តមព្រះម្ចាស់ដ៏ធំលើលោកា
១២បពិត្រព្រះម្ចាស់តែងអាណិតអាសូរពេកពិតករុណា
ខ្ញុំមិនឈប់ទេថ្លែងវាចាពីព្រះមេត្តាដ៏ស្មោះត្រង់
១៣ទុក្ខលំបាកច្រើនឥតគណនារួមរឹតអាត្មាមិនរេរង់
កំហុសខ្ញុំផ្ទាល់តាមញុះញង់ឥតមានបង្អង់គ្មានប្រណី
ធ្វើឱ្យរូបខ្ញុំប្រែងងឹតមើលមិនឃើញពិតសព្វអ្វីៗ
កំហុសខ្ញុំមានច្រើនពេកក្រៃច្រើនជាងសរសៃសក់ទៅទៀត
១៤ឱព្រះអម្ចាស់សូមរំដោះរូបខ្ញុំឱ្យរស់កុំបីឃ្លាត
យាងមកសង្គ្រោះកុំរវាតជួយប្រោសម្តងទៀតឱ្យបានរស់
១៥ឱ្យអ្នកដែលចង់ដកជីវិតជួបភាពងងឹតរងទុក្ខទោស
សប្បាយព្រោះឃើញខ្ញុំរងគ្រោះបាក់មុខអាប់យសដកខ្លួនថយ
១៦សូមឱ្យអស់អ្នកដែលពេបជ្រាយចំអកមើលងាយជាញឹកញយ
ត្រូវអាម៉ាស់មុខទាំងមុខក្រោយរួចហើយសូមឱ្យបរាជ័យ
១៧រីឯអស់អ្នកដែលស្វែងស្វះរកព្រះអម្ចាស់បានរីករាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយយើងខ្ញុំឱនកាយថ្កើងព្រះអង្គ
១៨រូបខ្ញុំជាមនុស្សក្រីក្រពិតតែព្រះគូរគិតខ្ញុំឥតហ្មង
ព្រះអង្គតែងតែជួយចម្លង​សង្គ្រោះសណ្តោងមិនដែលខាន