ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ

អ្នកដែលរស់ក្រោមការថែគ្រប់គ្រងរបស់ព្រះម្ចាស់
ជាព្រះខ្ពង់ខ្ពស់វិសុទ្ធពេកណាស់មានឫទ្ធិតេជះ
បារមីខ្លាំងក្រៃ
ខ្ញុំសូមទូលថា«ព្រះអម្ចាស់ជាជម្រកយប់ថ្ងៃ
និងជាកំពែងជ្រកកោនផុតភ័យមិនបង្អង់អី
ផ្ញើកាយជីវិត»
ព្រះម្ចាស់តែងតែជួយមិនគេចកែឱ្យអ្នករួចផុត
ចេញពីអន្ទាក់ពួកជនទុច្ចរិតជំងឺរាតត្បាត
ចង្រៃឧបទ្រព
ទ្រង់នឹងការពាររូបអ្នកគ្រប់គ្នានៅជ្រកក្រោមម្លប់
បារមីព្រះអង្គទាំងថ្ងៃទាំងយប់ឥតមានឈរឈប់
ម្លប់ដ៏ត្រជាក់
ព្រះហឫទ័យមេត្តាប្រណីមិនដែលថ្នាំងថ្នាក់
របស់ព្រះអង្គជួយការពារអ្នកជាអាវក្រោះពាក់
របស់អ្នកហើយ
នៅពេលរាត្រីអ្នកនឹងមិនភ័យអំពីអ្វីឡើយ
អាសន្នគ្រប់យ៉ាងចៀសផុតធូរស្បើយពេលថ្ងៃក៏ដោយ
ក៏អាចរួចផុត
អ្នកនឹងមិនអាចជួបគ្រោះកំណាចក្នុងយប់ងងឹត
ទាំងមហន្តរាយទោះនៅឆ្ងាយជិតថ្ងៃត្រង់ក៏ផុត
មិនអាចជួបសោះ
ទោះបីជាមានមនុស្សម៉ឺនពាន់ដេកស្លាប់ទាំងអស់
ក៏មិនមានអ្វីមកប៉ះអ្នកសោះផុតអស់ទុក្ខគ្រោះ
គ្មានព្រួយភិតភ័យ
បើអ្នកពិនិត្យមើលឱ្យបានជិតឃើញច្បាស់ដូចថ្ងៃ
ពីពួកមនុស្សអបលក្ខណ៍អប្រីយ៍រងទោសរាល់ថ្ងៃ
មិនមានអាក់ខាន
ព្រះអម្ចាស់ជាជម្រកពន្លាគ្មានអ្វីស្មើបាន
អ្នកជ្រកក្រោមម្លប់ព្រះខ្ពស់ហួសស្មានវិសុទ្ធថ្កើងថ្កាន
នៅលើលោកីយ៍
១០គ្មានទុក្ខវេទនាណាមកពាធាធ្វើឱ្យអ្នកភ័យ
ទោះជាគ្រោះកាចឧបសគ្គចង្រៃចូលមិនបានអី
ដល់លំនៅអ្នក
១១ដ្បិតព្រះអម្ចាស់នឹងបញ្ជាច្បាស់ទេវទូតគ្រប់ថ្នាក់
តាមជួយរក្សាការពាររូបអ្នកគ្រប់ទីសំណាក់
ដែលអ្នកនឹងនៅ
១២ទេវទូតយកដៃចាំទ្រថ្នមបីមិនឱ្យហ្មងសៅ
លើកអ្នកឱ្យឈររឹងប៉ឹងពេកកូវមិនឱ្យជើងត្រូវ
ទង្គិចថ្មឡើយ
១៣អ្នកនឹងដើរជាន់សត្វមានរាប់ពាន់នៅជិតបង្កើយ
សត្វគោកសត្វទឹកសត្វព្រៃក៏ដោយជាន់សិង្ហពស់ហើយ
ទាំងសត្វនាគខ្លា
១៤ព្រះអម្ចាស់មានព្រះបន្ទូលថ្កានយ៉ាងច្បាស់មកថា
យើងនឹងចេញមុខរំដោះរងការដ្បិតគេស្គាល់ថា
យើងជាព្រះគេ
១៥បើគេស្រែករកហៅយើងឱ្យមកយើងតបមិនរេ
ពេលមានអាសន្នយើងនៅនឹងគេឥតមានបែកបែរ
ទាំងថ្កើងគេផង
១៦យើងឱ្យគេបានរស់នៅសុខសាន្តយូរឆ្នាំកន្លង
អាយុយឺនយូរមិនឱ្យមានហ្មងឱ្យគេដឹងផង
ថាយើងសង្គ្រោះ