១ | ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត | ផ្ចង់ទាំងគំនិតឥតរវាត | |
| ទៅលើព្រះអង្គមិនឃ្លាងឃ្លាត | នឹកហើយគិតទៀតមិនបែកចិត្ត | ។ |
២ | បពិត្រព្រះម្ចាស់ទូលបង្គំ | ពេលនេះរូបខ្ញុំផ្ញើជីវិត | |
| សូមកុំឱ្យខ្ញុំត្រូវខកចិត្ត | ព្រោះខ្មាំងជុំជិតមានជោគជ័យ | ។ |
៣ | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខកចិត្តអ្វី | |
| គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ |
៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ |
៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ |
៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ |
៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា | ។ |
៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ |
៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ |
១០ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ |
១១ | ឱ! ព្រះអម្ចាស់ប្រណីប្រោស | កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់ | |
| អំពើទុច្ចរិតមានពីមុន | សូមក្រាបកាយលន់តួព្រះម្ចាស់ | ។ |
១២ | អស់អ្នកគោរពហើយកោតខ្លាច | ឫទ្ធីអំណាចបានស្គាល់ច្បាស់ | |
| ទ្រង់បង្ហាញផ្លូវឥតក្រឡះ | ដែលគេត្រូវជ្រើសតាមចិន្តា | ។ |
១៣ | នោះគាត់បានសុខមានមង្គល | ឥតមានខ្វាយខ្វល់គ្រប់វេលា | |
| ពូជពង្សកូនចៅទាំងអស់គ្នា | គ្រងស្រុកទុកជាកេរមតក | ។ |
១៤ | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ | |
| អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ |
១៥ | រូបខ្ញុំសម្លឹងរកព្រះអង្គ | ឥតមានភ្លេចម្តងរៀងរាល់ថ្ងៃ | |
| ព្រះអង្គរំដោះផុតទុក្ខភ័យ | ផុតពីក្សិណក្ស័យផុតអន្ទាក់ | ។ |
១៦ | សូមព្រះអង្គបែរព្រះភក្ត្រមក | សណ្តោងយោងយកកុំអន់អាក់ | |
| ប្រណីសន្តោសផុតគ្រោះថ្នាក់ | ដ្បិតរូបខ្ញុំម្នាក់នៅឯកា | ។ |
១៧ | រូបខ្ញុំលំបាកចិត្តពេកក្រៃ | រាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា | |
| មេត្តាដកយកទុក្ខនេះណា | ធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ | ។ |
១៨ | សូមទតមកមើលទុក្ខវេទនា | ចុកចាប់ឈឺផ្សាទូលបង្គំ | |
| អត់ទោសឱ្យរួចពីទុក្ខធំ | វេទនាទួញយំផុតបាបផង | ។ |
១៩ | សូមទតមកមើលខ្មាំងសត្រូវ | គ្នាច្រើនពេកកូវចិត្តយង់ឃ្នង | |
| គេស្អប់គេខ្ពើមក្រៃកន្លង | ចិត្តគេប៉ុនប៉ងចងគួនគុំ | ។ |
២០ | មេត្តាជួយការពារជីវិត | រំដោះឱ្យផុតពីទុក្ខធំ | |
| ខ្ញុំសូមពឹងលើព្រះឧត្តម | កុំឱ្យរូបខ្ញុំខកចិត្តឡើយ | ។ |
២១ | រូបខ្ញុំទុកចិត្តលើព្រះអង្គ | សូមមេត្តាផងកុំកន្តើយ | |
| រក្សាជីវិតខ្ញុំបានស្បើយ | ព្រោះខ្ញុំនេះហើយចិត្តសប្បុរស | ។ |
២២ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | សូមកុំព្រងើយធ្វើដូច្នោះ | |
| រំដោះអ៊ីស្រាអែលឱ្យរួចទោស | វេទនាទាំងអស់បានសុខសាន្ត | ។ |