Skip to content
ទំនុកតម្កើងលេខ ៨៧ (៨៦) បទកាកគតិ
១ | ព្រះម្ចាស់សង់ក្រុង | ឧត្តមឧត្តុង្គ | ល្អល្អះប៉ប្រិម |
| លើភ្នំវិសុទ្ធ | គ្មានអ្វីប្រៀបផ្ទឹម | យេរូសាឡឹម |
| | ជាក្រុងថ្លៃថ្លា | ។ |
២ | ព្រះអង្គស្រឡាញ់ | ស៊ីយ៉ូនពោរពេញ | ជាក្រុងអស្ចារ្យ |
| វិសេសវិសាល | លើសក្រុងនានា | លើទឹកដីជា |
| | របស់យ៉ាកុប | ។ |
៣ | ឱក្រុងរបស់ | ព្រះជាអម្ចាស់ | គេនឹងរៀបរាប់ |
| តម្កើ់ងសិរី | រុងរឿងគួរគាប់ | របស់អ្នកជាប់ |
| | ដោយពោលថ្លាថ្លែង | ។ |
៤ | ក្នុងចំណោមអ្នក | អេស៊ីបស្គាល់ជាក់ | បាប៊ីឡូននេះឯង |
| អ្នកខ្លះកើតនៅ | ទីរ៉ូសធំខែង | ភីលីស្ទីនស្តែង |
| | អេត្យូពីដែរ | ។ |
៥ | ចំពោះបុរី | ស៊ីយ៉ូនស្រស់ខ្ចី | មិនរួញរាទេ |
| យើងទាំងអស់គ្នា | សុទ្ធកើតពីគេ | ព្រះម្ចាស់ជួយថែ |
| | ឱ្យក្រុងរឹងមាំ | ។ |
៦ | ពេលនោះព្រះម្ចាស់ | កត់ឈ្មោះទាំងអស់ | ក្នុងបញ្ជីធំ |
| ប្រជាទាំងនេះ | សុទ្ធតែកើតក្នុង | ស៊ីយ៉ូនជាក្រុង |
| | ដែលផ្តល់កំណើត | ។ |
៧ | ពេលនោះមនុស្ស | គេលោតឡកគោះ | ច្រៀងរាំរហូត |
| ថាគេជាកូន | ដែលគេបានកើត | មានដើមកំណើត |
| | ពីក្រុងស៊ីយ៉ូន | ។ |