ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣៥ (៣៤) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយកុំនៅកន្តើយសូមប្រឆាំង
តទល់អស់អ្នកដែលចង់ច្បាំងសូមជួយតតាំងកុំសុំចៃ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គមេត្តាសូមទ្រង់កុំឆ្មើងឆ្មៃ
យកខែលអាវក្រោះតើនឃ្មាតខ្មីសម្តែងបារមីសង្គ្រោះផង
សូមហូតលំពែងនិងពូថៅប្រហារសំដៅពួកយង់ឃ្នង
សូមមានបន្ទូលមកខ្ញុំផងមានតែព្រះអង្គព្រះសង្គ្រោះ
សូមឱ្យអ្នកដែលចង់ប្រហារជីវិតជីវ៉ារូបខ្ញុំនោះ
ឱ្យវាខកចិត្តបាក់មុខចុះដល់ក្តីអាម៉ាស់ដកខ្លួនថយ
នៅពេលទេវទូតព្រះអម្ចាស់បណ្តេញគេប្រាសវិលទៅក្រោយ
សូមឱ្យពួកគេខ្ទាតទៅឆ្ងាយដូចអង្កាមរាយដោយខ្យល់ផាត់
ទេវទូតព្រះម្ចាស់ដេញមិនឈប់ទោះថ្ងៃឬយប់មិនឱ្យបាត់
ឱ្យផ្លូវធ្លាប់ភ្លឺប្រែងងឹតភក់រអិលស្អិតទៅមិនបាន
ពួកគេបានដាក់រាយអន្ទាក់លបពួនចាំស្ទាក់ប៉ងរំខាន
គេជីករណ្តៅឱ្យធ្លាក់ប្រាណដោយចិត្តសាមាន្យមិនទោរទន់
សូមឱ្យពួកគេត្រូវវិនាសដោយមិនដឹងច្បាស់ទុកជាមុន
ឱ្យជាប់អន្ទាក់របស់ខ្លួនអន្តរាយផ្ទួនៗកុំរំលង
ពេលនោះរូបខ្ញុំនឹងត្រេកអររីករាយសាទរអស់មួរហ្មង
សប្បាយពន់ពេកគ្រានេះម្តងព្រោះតែព្រះអង្គជួយសង្គ្រោះ
១០ខ្ញុំសូមក្រាបទូលយ៉ាងជាក់ច្បាស់ស្មោះឥតក្រឡះអស់ពីពោះ
គ្មាននរណាដូចព្រះអង្គសោះព្រះអង្គរំដោះអ្នកទន់ខ្សោយ
ទ្រង់ជួយឱ្យរួចផុតពីដៃពួកជនអប្រីយ៍មិនថ្លោះធ្លោយ
រំដោះអ្នកក្រទុរគតឱ្យរួចផុតពីដៃមនុស្សទុច្ចរិត
១១សាក្សីក្លែងក្លាយឈរប្រឆាំងរារាំងតតាំងដោយប្រឌិត
ចោទសួរមកខ្ញុំរឿងមិនពិតដែលខ្ញុំមិនគិតដល់ទាល់សោះ
១២គេធ្វើអាក្រក់មកតបតនឹងអំពើល្អខ្ញុំទាំងអស់
ដែលខ្ញុំបានធ្វើលើគេនោះម្តេចមិនគិតសោះឱ្យទោសពៃរ៍
១៣ពេលដែលពួកគេមានជំងឺចុកចាប់ផ្សាឈឺខ្ញុំលកលៃ
បន្ទាបទាំងខ្លួនតមចំណីអង្វររាល់ថ្ងៃឱ្យពួកគេ
១៤ខ្ញុំបានប្រព្រឹត្តអំពើល្អដោយចិត្តស្មោះសរឥតវៀចវេរ
ដូចធ្វើចំពោះមិត្តភក្តិដែរព្រួយចិត្តឥតល្ហែសោកសង្រេង
១៥តែពេលរូបខ្ញុំមានជំងឺគេមកបញ្ឈឺសើចជាល្បែង
រួមគ្នាប្រឆាំងមិនរអែងហែកហួរគ្មានក្រែងមិនឈប់ឡើយ
១៦ពួកគេចូលដៃជនពាលាចោមរោមផ្តន្ទាមិនល្ហែល្ហើយ
មិនឈប់មិនឈរមិនកន្តើយមិនបង្អង់ឡើយខាំធ្មេញដាក់
១៧ឱព្រះអម្ចាស់ម្តេចព្រងើយម្តេចទ្រង់មិនជួយផុតគ្រោះថ្នាក់
ជួយការពារខ្ញុំកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់ពួកសិង្ហសត្វ
១៨ខ្ញុំសូមថ្លែងពាក្យអរព្រះគុណព្រះអម្ចាស់ធ្ងន់មិនឱ្យស្ងាត់
សរសើរតម្កើងពន់ពេកក្តាត់ព្រះតែមួយគត់នៃប្រជា
១៩សូមកុំបណ្តោយឱ្យសត្រូវខ្ញុំបានរស់នៅដោយសុខា
កុំឱ្យអ្នកស្អប់ខ្ញុំផន្ទាពេបជ្រាយលេលាដាក់រូបខ្ញុំ
២០ពួកគេមិនដែលនិយាយល្អចេះតែភូតភរចងគំនុំ
ប្រឌិតរឿងផ្សេងទោះតូចធំចោទអ្នកសន្សំសុខក្នុងស្រុក
២១ពួកគេពោលពាក្យចោទដាក់ទោសថាខ្ញុំធ្វើខុសឱ្យកើតទុក្ខ
គេស្រែកចំអកដាក់នឹងមុខថាខ្ញុំគម្រក់គេឃើញហើយ
២២ឱព្រះអម្ចាស់ទតឃើញស្រាប់សូមទ្រង់ត្រងត្រាប់កុំកន្តើយ
ឱព្រះអង្គអើយជួយឱ្យស្បើយកុំទៅណាឆ្ងាយពីរូបខ្ញុំ
២៣ឱព្រះអម្ចាស់សូមតើនឡើងកុំនៅឆ្មៃឆ្មើងពួនសំងំ
សូមរកយុត្តិធម៌ឱ្យរូបខ្ញុំកុំបីបង្អង់សូមជួយផង
២៤ឱព្រះម្ចាស់នៃទូលបង្គំសូមជួយរូបខ្ញុំសុចរិតត្រង់
កុំបណ្តោយខ្ញុំឱ្យមួរហ្មងគេសប្បាយផងព្រោះតែឈ្នះ
២៥កុំឱ្យគេនាំគ្នាពោលថាខ្ញុំនេះចាញ់ជាប្រាកដណាស់
កុំឱ្យវាពោលពាក្យផ្តេសផ្តាសថាអាចបោកប្រាសរូបខ្ញុំបាន
២៦សូមឱ្យអស់អ្នកដែលសប្បាយរីករាយក្អាកក្អាយទាំងប៉ុន្មាន
ត្រូវអាម៉ាស់មុខទុក្ខពេញប្រាណកិត្តិយសប៉ុន្មានត្រូវបាត់អស់
២៧រីអ្នកដែលបានរកយុត្តិធម៌សុចរិតបវរឱ្យខ្ញុំនោះ
ឱ្យគេពោលពាក្យថ្កើងព្រះម្ចាស់អ្នកបម្រើព្រះបានសុខសាន្ត
២៨ពេលនោះខ្ញុំនឹងថ្លែងអំពីសុចរិតគ្រប់ទីព្រះថ្កើងថ្កាន
តម្កើងព្រះអង្គខ្ពស់ហួសស្មានខ្ពស់ហួសអស់ស្ថានរៀងរាល់ថ្ងៃ