ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ព្រះជាម្ចាស់ពុំព្រងើយកន្តើយឡើយ បទពាក្យ ៧

(ព្យាការីអេសាយ ៤៥,១៥-២៥)

១៥ឱ! ព្រះជាម្ចាស់នៃយើងខ្ញុំជាព្រះឧត្តមព្រះសង្គ្រោះ
មនុស្សពិបាករកឃើញណាស់កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង
១៦ឱ្យអស់អ្នកដែលធ្វើរូបព្រះឱនក្រាបសំពះគ្មានរអែង
ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែងចេញទៅទីផ្សេងទាំងអៀនខ្មាស
១៧ចំណែកជនជាតិអ៊ីស្រាអែលគេបានដំណែលពីព្រះម្ចាស់
គឺការសង្គ្រោះយ៉ាងជាក់ច្បាស់គេមិនអាម៉ាស់សោះឡើយណា
១៨ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃដីធំអនេកលើលោកា
សត្វលោកស្នាក់នៅជួបជុំគ្នាសុខដុមរមនាគ្រប់ៗប្រាណ
ហើយទ្រង់មានព្រះបន្ទូលថាយើងនេះគឺជាព្រះថ្កើងថ្កាន
ព្រះក្រៅពីយើងនោះគឺគ្មានទាំងប្រាជ្ញាញាណទាំងបារមី
១៩យើងមិននិយាយលាក់លៀមស្ងាត់ក្នុងទីងងឹតនៃផែនដី
យើងមិនប្រាប់ពូជយ៉ាកុបអីឱ្យឆាប់វិលវៃរកយើងទេ
យើងជាព្រះម្ចាស់និយាយទៅពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ
អ្វីដែលយើងប្រកាសប្រាប់គេមិនភូតភរទេពិតត្រឹមត្រង់
២០ជនជាតិសេសសល់គ្រប់គ្នាអើយកុំនៅកន្តើយធ្វើរេរង់
ត្រូវខំខ្មីឃ្មាតកុំបង្អង់ខិតចូលមកផងឱ្យជិតគ្នា
ឱ! អ្នកដែលសែងព្រះខ្លួនធ្វើពីស្ពាន់ពីឈើគ្រប់អង្គា
បួងសួងដល់ព្រះដែលវេទនាពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ
២១ចូរអ្នករាល់គ្នាគិតមើលចុះឱ្យបានធ្លាយធ្លុះការនេះទៅ
តើនរណាបានប្រាប់ទុកនៅហេតុការណ៍ដែលត្រូវកើតមាននោះ
គឺមានតែយើងព្រះជាម្ចាស់ដែលបានប្រកាសមុនប៉ុណ្ណោះ
យើងព្រះសុចរិតព្រះសង្គ្រោះក្រៅពីយើងនោះគ្មានផ្សេងឡើយ
២២ឱ! អ្នកដែលរស់នៅទីឆ្ងាយចូរវិលមកអាយកុំកន្តើយ
ខិតមកជិតយើងនឹងបានស្បើយគឺយើងនេះហើយព្រះនៃអ្នក
២៣អ្វីៗដែលយើងនិយាយមកមិនមែនឆបោកសុទ្ធសច្ចៈ
មិនអាចក្រឡះភូតកុហកយើងសូមប្រាប់អ្នកដូច្នេះថា៖
«មនុស្សលោកទាំអស់នឹងមកសុំក្រាបថ្វាយបង្គំយើងគ្រប់គ្នា
មនុស្សគ្រប់សញ្ជាតិនឹងសច្ចាគោរពសន្យាបម្រើយើង»
២៤គេនឹងពោលថាមានតែព្រះដែលជាអម្ចាស់មួយព្រះអង្គ
ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់
២៥ពូជពង្សអ៊ីស្រាអែលទាំងអស់នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ
ហើយបានសុចរិតឥតប្រែផ្លាស់ដោយសារព្រះម្ចាស់តរៀងទៅ