ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៥ (៥៤) បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ
ដែលខំអង្វរទទូចសុំសូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយសូមកុំន្តើយតបមកវិញ
ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវមនុស្សពាលកម្លៅចិត្តឫស្យា
ឱ្យរូបខ្ញុំរងទុក្ខវេទនាហើយតាមប្រហារដោយកំហឹង
ខ្ញុំសែនតក់ស្លុតពន់ពេកក្រៃញាប់ញ័រភិតភ័យអស់ព្រលឹង
ស្រយង់ស្រយុតនៅមិននឹងដូចគ្មានព្រលឹងខ្លាចមរណា
ខ្ញុំសែនរន្ធត់ពន់ពេកក្រៃដូចជាមានអ្វីផ្តាច់សង្ខារ
ព្រឺព្រួចក្នុងចិត្តឥតឧបមាដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថាបើខ្ញុំនេះណាប្រែមានស្លាប
ខ្ញុំនឹងហោះហើររៀងដរាបរកទីសម្រាប់់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយទៅឯទីនាយសំងំពួន
ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យក្នុងរហោស្ថានស្មសានស្ងាត់់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយមិននៅរៀងអាយទៅឱ្យបាត់
បើទៅយ៉ាងឆាប់ល្អពេកក្តាត់ចៀសឱ្យរួចផុតព្យុះសង្ឃរា
១០ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយសូមជួយកុំឱ្យពួកបច្ចា
និយាយស្តាប់បានគ្រប់អាត្មាព្រោះតែពួកវាចិត្តអប្រិយ៍
១១ទាំងយប់ទាំងថ្ងៃមានសុទ្ធតែទាស់ទែងឥតល្ហែមិនដឹងអី
អំពើពាលាកាប់ប្រល័យសាហាវពេកក្រៃទាំងក្រៅក្នុង
១២ក្នុងក្រុងមានតែឧក្រិដ្ឋកម្មរាល់ថ្ងៃខែឆ្នាំមិនរំលង
នៅតាមទីផ្សារតាមភូមិផងជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ពួកអ្នកដែលតែងជេរតិះដៀលមិនមែនពួកពាលចិត្តឫស្យា
បើវាជាពួកធា្លប់ផ្តន្ទានោះខ្ញុំពាំងវាជាមិនខាន
១៤គឺឯងធ្លាប់នៅជាមួយខ្ញុំធ្លាប់នៅជួបជុំសែនសុខសាន្ត
ជាអ្នកជិតស្និទ្ធឥតរំខានជាមិត្រកល្យណធ្លាប់ស្ម័គ្រស្មោះ
១៥យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាគ្រប់ពេលវេលាមិនទំនាស់
ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់វិសុទ្ធពេកណាស់ក្នុងដំណាក់
១៦សូមឱ្យបច្ចាមិត្តត្រូវស្លាប់ទាន់ហន់ឆុតឆាប់កុំបីអាក់
ឱ្យពួកគេទាំងអស់នោះធ្លាក់ក្នុងឋាននរកទាំងនៅរស់
១៧រីឯខ្ញុំវិញសូមស្រែករកព្រះម្ចាស់ឱ្យមកជួយសង្គ្រោះ
ព្រះអង្គនឹងយាងមករំដោះខ្ញុំផុតពីគ្រោះជាមិនខាន
១៨ពេលតប់ប្រមល់ខ្ញុំស្រែកថ្ងូរឥតមានឈប់ឈរគ្មានស្រាកស្រាន្ត
ទាំងព្រឹកថ្ងៃត្រង់ល្ងាចឥតខានព្រះអង្គទ្រង់បានសណ្តាប់ខ្ញុំ
១៩ទោះបីសត្រូវលើកគ្នីគ្នាមកវាយប្រហារទូលបង្គំ
ក៏ទ្រង់រំដោះផុតទុក្ខធំជួយឱ្យរូបខ្ញុំរស់ជីវិត
២០ព្រះម្ចាស់គ្រងរាជ្យពីដើមមកធ្វើជាជម្រកដ៏ស្ថេរស្ថិត
ទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំពិតឱ្យបច្ចាមិត្តបាក់មុខអស់
ពួកគេទាំងនោះមិនព្រមផ្លាស់ប្តូរគំនិតចាស់ទាល់តែសោះ
ធ្វើមិនដឹងឮអ្វីទាំងអស់មិនគោរពស្មោះស្ម័គ្រខ្លាចព្រះ
២១អ្នកនោះតែងតែវាយប្រហារមិត្តភក្តិផងណាមិនគិតសោះ
បំពានសន្យាពីមុនអស់ដែលគេធ្លាប់ស្មោះទៅទៀតផង
២២ពាក្យគេផ្អែមល្ហែមជាងទឹកឃ្មុំពិរោះរងំឥតមានហ្មង
ចិត្តកាចឃោរឃៅពាលយង់ឃ្នងគេមានបំណងតែប្រយុទ្ធ
២៣ចូរផ្ញើជីវិតលើព្រះម្ចាស់នោះមិនប្រទះក្តីតក់ស្លុត
ព្រះអង្គគាំទ្រអ្នកឱ្យផុតពីភ័យរន្ធត់មានសេរី
២៤សូមព្រះជាម្ចាស់ឱ្យគេធ្លាក់ជួយច្រានទម្លាក់កុំប្រណី
ព្រោះគេសុទ្ធតែជនអប្រីយ៍ឃាតករប្រល័យជីវិតមនុស្ស
សូមកុំឱ្យពួកគេរស់រានអាយុវែងបានយូរឱ្យសោះ
ចំណែកឯរូបខ្ញុំវិញនោះទុកចិត្តស្ម័គ្រស្មោះតែព្រះអង្គ