ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៣៧ (១៣៦) បទពាក្យ ៧

យើងអង្គុយនឹកគិតរិះរេនៅមាត់ទន្លេបាប៊ីឡូន
យំនឹកស្រណោះក្រុងស៊ីយ៉ូនធ្មេចភ្នែកក៏ឃើញក្នុងនេត្រា
ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិនយើងបានព្យួរពិណយើងនោះណា
ជិតមាត់ទន្លេដើមរុក្ខារួចចោលភក្ត្រាមើលទៅឆ្ងាយ
ពេលនោះពួកអ្នកដែលចាប់យើងគេសុំឱ្យច្រៀងបទសប្បាយ
គេពោលថាចូរច្រៀងបរិយាយក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង
តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះនៃយើងពេលនេះម្តង
នៅលើទឹកដីដ៏សៅហ្មងនៃបរទេសផងដូចម្តេចកើត ?
ឱ! ក្រុងយេរូសាឡឹមអើយខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត
បើខ្ញុំភ្លេចអ្នកភ្លេចកំណើតសូមដៃខ្ញុំពើតស្ពឹកចុកចាប់
ប្រសិនបើខ្ញុំមិនជឿជាក់មិនចាត់់ទុកអ្នកដូចខ្ញុំប្រាប់
ជាអំណរដ៏ខ្លាំងក្លាគាប់សូមអណ្តាតជាប់រឹងជិតជុំ
ឱ! ព្រះអម្ចាស់សូមកុំភ្លេចពីអំពើល្បិចជាតិអេដុំ
បានប្រព្រឹត្តចំពោះយើងខ្ញុំដែលបានឮងំក្នុងសោតា
ថ្ងៃដែលក្រុងយេរូសាឡឹមត្រូវអស់សង្ឃឹមគេពោលថា ៖
« ចូរកម្ទេចក្រុងនេះទៅរ៉ាកម្ទេចលុះត្រារលំគ្រឹះ »
រីឯក្រុងបាប៊ីឡូនវិញបន្តិចទៀតឯងវិនាសអស់
ត្រូវគេបំផ្លាញគ្មានចន្លោះមិនសល់អ្វីសោះយ៉ាងប្រាកដ
អ្នកណាធ្វើបាបឯងពេលនេះតបនឹងតម្រិះដែលឯងក្បត់
ចំពោះរូបយើងមិនកំណត់អ្នកនោះគឺពិតមានមង្គល
អ្នកណាចាប់កូនតូចៗឯងចាប់មិនខ្ចីលែងមិនខ្វាយខ្វល់
បោកទៅនឹងថ្មខ្ទេចគ្មានសល់នឹងមានមង្គលសុខរហូត