១ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ប្រសើរខ្លាំងណាស់អស់ពីចិត្ត | |
| ព្រះអង្គជាព្រះនៃខ្ញុំពិត | ឧត្តមបំផុតលើលោកា | ។ |
២ | ទ្រង់យកពន្លឺមកដណ្តប់ | គ្រងគ្រប់អង្គជាប់ជាភូសា | |
| ទ្រង់លាតអស់ទាំងហ្វូងតារា | ផ្ទៃមេឃផងណាជាពន្លា | ។ |
៣ | ទ្រង់សង់ដំណាក់ខ្ពស់អនេក | ខ្ពស់លើសផ្ទៃមេឃអ្វីនានា | |
| ទ្រង់យកពពកវាយោជា | រាជរថបរពាជំនិះជ័យ | ។ |
៤ | ព្រះអង្គយកខ្យល់ឱ្យនាំសារ | រន្ទះផងណាចាំរំពៃ | |
| ទាំងផ្លេកបន្ទោរក៏ឃ្មាតឃ្មៃ | បម្រើម្ចាស់ថ្លៃគ្រប់អន្លើ | ។ |
៥ | រីឯផែនដីមហាធំ | ទ្រង់បានតាំងមាំឥតរង្គើ | |
| នៅលើគ្រឹះរឹងឥតអ្វីស្មើ | ឥតមានរង្គើមាំមួនក្រៃ | ។ |
៦ | ព្រះអង្គយកមហាសាគរ | មកគ្របពីលើភពផែនដី | |
| ដូចជាអាវប៉ាក់ល្អឥតបី | លើភ្នំខ្ពស់ក្រៃមានទឹកដែរ | ។ |
៧ | ពេលឮព្រះអង្គស្រែកគំរាម | ទឹកមិននៅស្ងៀមត្រឡប់បែរ | |
| ផ្គរព្រះអម្ចាស់លាន់ហូរហែរ | វាភ័យម៉េ្លះទេរត់បាត់អស់ | ។ |
៨ | ទឹកខ្លះនៅលើកំពូលភ្នំ | ទឹកខ្លះទៅផ្តុំធ្លាក់តាមជ្រោះ | |
| ទៅកាន់កន្លែងដែលព្រះម្ចាស់ | កំណត់មកនោះរួចស្រេចហើយ | ។ |
៩ | ព្រះអង្គដាក់ខណ្ឌសីមាពាំង | បាំងការពាររាំងមិនកន្តើយ | |
| ដើម្បីស្កាត់ទឹកទប់មិនឱ្យ | ជន់លិចបានឡើយដីទាំងអស់ | ។ |
១០ | ទ្រង់បញ្ជូនទឹកពីប្រភព | ឱ្យហូរសាយសព្វទៅក្នុងជ្រោះ | |
| ហូរតាមជ្រលងភ្នំទាំងអស់ | មិនមានចន្លោះសព្វទិសា | ។ |
១១ | សត្វទាំងប៉ុន្មានមកផឹកទឹក | មានច្រើនសន្ធឹកសព្វម្រឹគា | |
| លាព្រៃក៏រូតរះម្នីម្នា | ផឹកទាំងអស់គ្នាបំបាត់ស្រេក | ។ |
១២ | បក្សីបក្សាធ្វើសំបុក | រស់នៅអែអុកច្រើនពន់ពេក | |
| នាំគ្នាយំពិរោះអនេក | នៅគ្រប់តាមមែកដើមព្រឹក្សា | ។ |
១៣ | ព្រះអង្គស្រោចស្រពដីទាំងឡាយ | ពីស្ថានខ្ពស់ឆ្ងាយឥតឧបមា | |
| ទ្រង់ប្រទានឱ្យមានគង្គា | បរិបូណ៌ហូរហៀរលើផែនដី | ។ |
១៤ | ព្រះអង្គធ្វើឱ្យមានដុះស្មៅ | ឱ្យដល់សត្វទៅជាចំណី | |
| ដំណាំស្អេកស្កះច្រើនពេញដី | ដល់មនុស្សប្រុសស្រីបរិភោក្តា | ។ |
១៥ | មានទាំងស្រាទំពាំងបាយជូរ | គេផឹកបរិបូណ៌ច្រើនក្រៃណា | |
| មានប្រេងលាបមុខស្រស់សង្ហា | ដោយចិត្តក្លៀវក្លាសប្បាយខ្លាំង | ។ |
| មិនតែប៉ុណ្ណោះមានអាហារ | ឆីរួចកាលណាមានកម្លាំង | |
| សាច់ឈាមស្រស់បស់លែងស្លេកស្លាំង | ដូចមនុស្សរីងរាំងខ្វះចំណី | ។ |
១៦ | សូម្បីដើមឈើដែលទ្រង់ដាំ | បែកមែកត្រសុំម្លប់ត្រឈៃ | |
| មានទឹកគ្រប់គ្រាន់ផ្សើមជោគដី | ដូចឈើក្នុងព្រៃភ្នំលីបង់ | ។ |
១៧ | បក្សាបក្សីធ្វើសំបុក | លើដើមឈើញ៉ុកនៅរញង់ | |
| សត្វកុកមកធ្វើទ្រនំផង | បានសុខឥតហ្មងហើរទៅមក | ។ |
១៨ | រីឯភ្នំធំខ្ពស់សន្លឹម | ខ្ពស់ឆ្ងាយត្រដឹមជាជម្រក | |
| សត្វតែងពឹងពាក់ដើរទៅមក | ទន្សាយរត់រកចូលនិន្ទ្រា | ។ |
១៩ | ទ្រង់បានបង្កើតទាំងព្រះច័ន្ទ | ដើម្បីចែកខ័ណ្ឌពេលវេលា | |
| ព្រះអាទិត្យក៏ស្គាល់សីមា | ដែលត្រូវយាត្រាឬឈរឈប់ | ។ |
២០ | ទ្រង់បាននាំយកភាពងងឹត | មកគ្របជុំជិតនៅពេលយប់ | |
| សត្វព្រៃចាប់ផ្តើមពីព្រលប់ | ឥតមានសញ្ជប់ចេញរៀងខ្លួន | ។ |
២១ | តោសិង្ហគ្រហឹមបង្អើលម្រឹគ | ស្ទុះបោលសន្ធឹកខ្លះគេចពួន | |
| ទាមទារអាហារចម្អែតខ្លួន | ព្រោះព្រះប្រទានវាឱ្យរស់ | ។ |
២២ | មនុស្សម្នាក៏ចេញអស់ពីផ្ទះ | ម្នីម្នារូតរះដើរតម្រង់ | |
| ទៅចំការស្រែឥតបង្អង់ | ធ្វើការរញង់ល្ងាចវិលមក | ។ |
២៣ | បពិត្រព្រះអើយព្រះអម្ចាស់ | គ្រប់ស្នាព្រះហស្តច្រើនគរគោក | |
| ផែនដីពេញដោយសិរីជោគ | សុទ្ធតែកើតមកពីព្រះអង្គ | ។ |
២៤ | មើលហ៎្ន!សមុទ្រដ៏ធំធេង | ឆ្ងាយដាច់សង្វែងក្រៃកន្លង | |
| មានមច្ឆាជាតិតូចធំផង | រវើករវ័ណ្ឌរាប់មិនអស់ | ។ |
២៥ | សំពៅទូកក្តោងដឹកទំនិញ | ដឹកចូលនាំចេញមិនឈប់សោះ | |
| នាគរាជដែលទ្រង់បង្កើតនោះ | លេងទឹកបឺតព្រួសក្នុងសមុទ្រ | ។ |
២៦ | សត្វទាំងប៉ុន្មានផ្ញើជីវិត | លើព្រះម្ចាស់ពិតដោយមោះមុត | |
| រង់ចាំទទួលតាមកំណត់ | ចំណីមិនអត់តាមត្រូវការ | ។ |
២៧ | ពេលដែលព្រះអង្គព្រះប្រទាន | គេកំពុងឃ្លានបានអាហារ | |
| ព្រះអង្គផ្គត់ផ្គង់គ្រប់អាត្មា | ឆ្អែតគ្រប់កាយាបានតឹងពោះ | ។ |
២៨ | ប្រសិនបើទ្រង់មិនរវល់ | នោះគេនឹងខ្វល់ជួបភ័យគ្រោះ | |
| បើទ្រង់ដកយកខ្យល់ទាំងអស់ | នោះគេលែងរស់នឹងក្សិណក្ស័យ | ។ |
២៩ | ពេលណាព្រះអង្គទ្រង់ប្រទាន | ដង្ហើមឱ្យមានខ្យល់និស្ស័យ | |
| គេកើតឡើងវិញពេញផែនដី | សព្វអស់អ្វីៗមានព្រមគ្នា | ។ |
៣០ | សូមសិរីរុងរឿងរបស់ | ព្រះអម្ចាស់អស់កល្បយូរយារ | |
| សូមទ្រង់រីករាយដោយសារស្នា | ព្រះហស្តអស្ចារ្យរបស់ទ្រង់ | ។ |
៣១ | ពេលព្រះអង្គទតមកផែនដី | វាញាប់ញ័រក្រៃខ្លាចព្រះអង្គ | |
| ពេលទ្រង់ប៉ះពាល់ភ្នំទាំងពួង | មានផ្សែងហុយផងខ្មៅងងឹត | ។ |
៣២ | ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់ | ឥតមានក្រឡះមួយជីវិត | |
| ខ្ញុំច្រៀងទាំងស្មូត្រមានបែបបទ | ថ្វាយព្រះម្ចាស់ពិតជាដរាប | ។ |
៣៣ | ឱ! ព្រះអម្ចាស់សូមឱ្យបទ | ដែលខ្ញុំកំណត់បានគួរគាប់ | |
| ឱ្យខ្ញុំសប្បាយចិត្តអរជាប់ | ដោយសារទម្លាប់ព្រះអម្ចាស់ | ។ |
៣៤ | សូមឱ្យអ្នកបាបវិនាសបាត់ | រលាយខ្ចាយខ្ចាត់ផុតស្រឡះ | |
| សូមឱ្យពួកគេអស់ទាំងនោះ | រលាយបាត់អស់ក្លាយជាដី | ។ |
| រីឯរូបខ្ញុំសូមប្រណម្យ | ហត្ថាបង្គំថ្វាយម្ចាស់ថ្លៃ | |
| សូមលើកតម្កើងជោគសិរី | រុងរឿងប្រពៃព្រះអម្ចាស់ | ។ |