ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៧ (១៦) បទពាក្យ៧

ឱ!ព្រះអម្ចាស់សូមសណ្តាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ល្អត្រឹមត្រូវស្រស់បវរសូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ​ដែលអង្វរសុំដោយត្រង់ស្មោះ
សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
ទូលបង្គំខំយកចិត្តទុកដាក់តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មងដូចមនុស្សយង់ឃ្នងឯទៀតឡើយ
ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយមិនឱ្យថ្លោះធ្លោយលំអៀងបែរ
ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
ព្រះអង្គតែងតែសង្គ្រោះអ្នកដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យឱ្យរួចពីការគាបសង្កត់
សូមថែរក្សាទូលបង្គំដូចកែវភ្នែកកុំឱ្យបង់បាត់
ការពារខ្ញុំដូចបក្សីសត្វក្រុងកូនកម្សត់របស់វា
សូមកុំឱ្យពួកមនុស្សពាលចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា
កុំឱ្យពួកខ្មាំងមកទាមទារក្រសោបប្រហាររូបខ្ញុំឡើយ
១០ពួកគេគ្មានចិត្តត្រាប្រណីមាត់គេចេញស្តីពាក្យជម្លើយ
អួតបំប៉ោងខ្លួនគ្មានកោះត្រើយព្រះអង្គម្ចាស់អើយមិនអៀនខ្មាស
១១ពេលដែលពួកគេដេញតាមទាន់គេនឹងដើរជាន់ខ្ញុំអាម៉ាស់
សំឡក់សម្លឹងខ្ញុំខ្លាំងណាស់បម្រុងព្រលះជីវិតបង់
១២ចិត្តរបស់គេសែនឃោរឃៅកំណាចអាស្រូវដូចសត្វសិង្ហ
ដែលតែងតែពួនចាំរំពឹងសំងំសម្លឹងចាប់រំពា
១៣ឱព្រះម្ចាស់អើយសូមតើនឡើងឱ្យសត្រូវប៉ើងកុំរួញរា
សូមយកព្រះខ័នមកការពាររំដោះខ្ញុំពីជនទុរយស
១៤សូមប្រើអំណាចឫទ្ធិចេស្តាដេញតាមប្រហារដោយតេជៈ
ដាក់ទោសពួកគេកុំស្រណោះឱ្យអន្តរាយអស់ដល់កូនចៅ
១៥ចំពោះខ្ញុំវិញគឺប្រព្រឹត្តតាមក្តីសុចរិតមិនអាស្រូវ
ខ្ញុំឃើញព្រះភក្ត្រទ្រង់គង់នៅទើបផុតហ្មងសៅពេលភ្ញាក់ឡើង