Skip to content
ទំនុកតម្កើងលេខ ៦៩ (៦៨) បទកាកគតិ
២ | ឱ! ព្រះជាម្ចាស់ | សូមជួយសង្គ្រោះ | ឱ្យរួចខ្លួនផង |
| ទឹកដល់ច្រមុះ | ខ្ញុំភ័យកន្លង | ស្លាប់គ្រានេះម្តង |
| | តៃហោងសូន្យបង់ | ។ |
៣ | ខ្ញុំផុងក្នុងភក់ | ស្រូបបឺតជញ្ជក់ | ធ្លាក់ចុះលិចលង់ |
| ធា្លក់ជ្រៅសែនជ្រៅ | គ្មានអ្វីទ្រទ្រង់ | ហើយខ្ញុំកំពុង |
| | កាន់តែលិចទៅ | ។ |
៤ | ខ្ញុំអស់កម្លាំង | ស្រែកមិនបានខ្លាំង | នៅខំស្រែកហៅ |
| ស្រែកឡើងស្ងួតក | ទន្ទឹងមើលផ្លូវ | ផ្សាភ្នែកពេកកូវ |
| | មើលផ្លូវយូរពេក | ។ |
៥ | ខ្មាំងទូលបង្គំ | នាំគ្នាស្អប់ខ្ញុំ | មានច្រើនអនេក |
| ពួកវាទាំងនោះ | ពុំអាចដាក់លេខ | ច្រើនក្រាស់ស្កះស្អេក |
| | ជាងសរសៃសក់ | ។ |
| ពួកគេទាំងនោះ | កម្លាំងខ្លាំងហួស | មិននៅដំអក់ |
| គេចង់ព្យាបាទ | ខ្ញុំមនុស្សត្រង់ស្មោះ | មិនលួចអ្វីសោះ |
| | ឱ្យខ្ញុំសងគេ | ។ |
៦ | ឱ! ព្រះជាម្ចាស់ | ព្រះអង្គជ្រាបច្បាស់ | ទោសខ្ញុំឡើងទ្វេ |
| បាបទាំងប៉ុន្មាន | លាក់មិនបានទេ | ព្រះម្ចាស់មុខតែ |
| | ជ្រាបអស់គ្មានសល់ | ។ |
៧ | ឱព្រះជាម្ចាស់ | ទ្រង់ពិតជាព្រះ | លើភពទាំងមូល |
| សូមកុំឱ្យអ្នក | ជឿសង្ឃឹមដល់ | មានទុក្ខកង្វល់ |
| | ត្រូវខ្មាសគេអី | ។ |
៨ | ខ្ញុំទ្រាំឱ្យគេ | ប្រមាថដៀលជេរ | មើលងាយពេកក្រៃ |
| ព្រោះតែព្រះអង្គ | ខ្មាសគេស្ទើរក្ស័យ | អាប់ឱនសិរី |
| | ព្រោះតែព្រះអង្គ | ។ |
៩ | ញាតិទូលបង្គំ | មិនរាប់អានខ្ញុំ | ពួកគេបោះបង់ |
| បងប្អូនបង្កើត | ក៏មិនស្មោះត្រង់ | ចាត់ទុកខ្ញុំនឹង |
| | ដូចជនបរទេស | ។ |
១០ | នោះមកពីខ្ញុំ | ចិត្តនៅមូលផ្តុំ | ស្រឡាញ់ខ្លាំងណាស់ |
| ដំណាក់ព្រះអង្គ | គេតិះដៀលត្មះ | តែពាក្យទាំងនោះ |
| | ត្រូវធា្លក់លើខ្ញុំ | ។ |
១១ | ខ្ញុំយំសោយសោក | តមមិនបរិភោគ | បាយចំណីនំ |
| ធ្វើឱ្យមនុស្សម្នា | រឹតតែជេរខ្ញុំ | ប្រមាថគួនគុំ |
| | ថែមហើយថែមទៀត | ។ |
១២ | រូបខ្ញុំស្លៀកពាក់ | របៀបជាអ្នក | កាន់ទុក្ខឥតឃ្លាត |
| ពួកគេនាំគ្នា | ខំប្រឹងឈ្លបឆ្លៀត | យករឿងនេះទៅ |
| | សើចលេងសប្បាយ | ។ |
១៣ | មិនតែប៉ុណ្ណោះ | គេទាំងស្រីប្រុស | នាំគ្នានិយាយ |
| ដៀលត្មះពីខ្ញុំ | តាមផ្សារជិតឆ្ងាយ | ចំអកឡកឡឺយ |
| | អាក្រក់ក្រៃលែង | ។ |
១៤ | ឱ! ព្រះអម្ចាស់ | ពេលឥឡូវនេះ | សូមទ្រង់សម្តែង |
| ហឫទ័យសន្តោស | ករុណាធំធេង | សង្គ្រោះកុំលែង |
| | សូមឆ្លើយតបផង | ។ |
១៥ | សូមរំដោះខ្ញុំ | រួចពីភក់ជ្រាំ | ទុក្ខសោកសៅហ្មង |
| ពីកណ្តាប់ដៃ | អ្នកស្អប់ខ្ញុំផង | សូមជួយស្រោចស្រង់ |
| | ឱ្យផុតទឹកជ្រៅ | ។ |
១៦ | កុំឱ្យខ្សែទឹក | ត្របាញ់គគ្រឹក | ទាញវឹងយកទៅ |
| រូបខ្ញុំឱ្យលង់ | ក្នុងទឹកជ្រោះជ្រៅ | កុំឃុំខ្ញុំនៅ |
| | ក្នុងអណ្តូងអី | ។ |
១៧ | ឱព្រះអម្ចាស់ | ព្រះអង្គមានព្រះ | ហឫទ័យប្រណី |
| ដ្បិតព្រះអង្គមាន | ករុណាឥតបី | មេត្តាប្រណី |
| | ទតមកខ្ញុំផង | ។ |
១៨ | សូមព្រះអង្គកុំ | លាក់ភក្ត្រពីខ្ញុំ | សូមឆ្លើយទាក់ទង |
| ខ្ញុំអ្នកបម្រើ | វេទនាកន្លង | ក្នុងគ្រានេះម្តង |
| | ជួយខ្ញុំប្រញាប់ | ។ |
១៩ | សូមយាងមកជិត | ហើយលោះជីវិត | រំដោះខ្ញុំឆាប់ |
| សូមជួយពីខ្មាំង | ឱ្យខ្ញុំត្រឡប់ | វិលទៅកាន់កាប់ |
| | មាតុភូមិវិញ | ។ |
២០ | ព្រះអង្គជ្រាបច្បាស់ | ថាខ្ញុំគេត្មះ | បន្ថោកជ្រក់ជ្រេញ |
| បង្អាប់កិត្តិយស | ខ្ញុំខ្មាសគេពេញ | តែអ្នកនោះវិញ |
| | ព្រះអង្គស្គាល់ជាក់ | ។ |
២១ | ពាក្យត្មះតិះដៀល | ចាក់រុកឆ្កឹះឆ្កៀល | ឈឺស្មើទាត់ធាក់ |
| ចិត្តខ្ញុំខ្លោចផ្សា | ឈឺចុកញ័រញាក់ | គិតថាមានម្នាក់ |
| | នឹងអាណិតខ្ញុំ | ។ |
| ក្រែងមានអ្នកជួយ | តែឥតមានមួយ | ខ្ញុំកើតទុក្ខធំ |
| សង្ឃឹមថាមាន | គេមកលួងលោម | រំលែកទុក្ខខ្ញុំ |
| | តែរកមិនបាន | ។ |
២២ | ខ្ញុំឃ្លានបរិភោគ | គេមិនបានយក | អាហារហូបបាន |
| បែរយកថ្នាំពុល | ឱ្យខ្ញុំក្ស័យប្រាណ | ទោះស្រេកពុំបាន |
| | ស្គាល់រសជាតិទឹក | ។ |
២៣ | សូមឱ្យពិធី | ជប់លៀងវក់វី | ក្លាយជាវរវឹក |
| ចាប់គេចងជាប់ | គ្នាច្រើនសន្ធឹក | ទាំងយប់ល្ងាចព្រឹក |
| | ឱ្យវិនាសខ្ចាយ | ។ |
២៤ | ឱ្យភ្នែកពួកគេ | ស្រវាំងឡើងទ្វេ | មើលមិនយល់អ្វី |
| កុំឱ្យគេឈ្នះ | ឱ្យបរាជ័យ | វិនាសក្សិណក្ស័យ |
| | រហូតតទៅ | ។ |
២៥ | សូមព្រះអង្គជះ | ពិរោធទាំងអស់ | លើពួកសត្រូវ |
| ធ្វើទារុណកម្ម | គេឆាប់ៗទៅ | កុំបង្អង់នៅ |
| | យល់ដល់គេឡើយ | ។ |
២៦ | សូមឱ្យលំនៅ | របស់គេត្រូវ | ស្ងាត់ជ្រងំហើយ |
| កុំឱ្យមានម្នាក់ | រស់នៅបានឡើយ | ទីនោះឯងហើយ |
| | ជារហោស្ថាន | ។ |
២៧ | ដ្បិតគេបានធ្វើ | ទុក្ខម្នេញមិនស្ទើរ | ព្យាបាទរំខាន |
| ដល់អ្នកដែលព្រះ | បានដាក់ទោសទណ្ឌ | របួសសែនធ្ងន់ |
| | គេឈឺចាប់ណាស់ | ។ |
២៨ | សូមព្រះអង្គដាក់ | ទោសឱ្យដល់ថ្នាក់ | កុំប្រែក្រឡះ |
| តាមគេប្រព្រឹត្ត | ចិត្តពាលទុយ៌ស | សូមកុំស្រណោះ |
| | អាឡោះមេត្តា | ។ |
២៩ | សូមទ្រង់លុបឈ្មោះ | គេចេញពីមនុស្ស | ឱ្យគេមរណា |
| សូមដកគេចេញ | ពីឈ្មោះមនុស្សា | សុចរិតមេត្តា |
| | កុំឱ្យមានសល់ | ។ |
៣០ | រីឯរូបខ្ញុំ | ទុរគតក្រៀមក្រំ | ចុកចាប់ខ្វាយខ្វល់ |
| ឱ! ព្រះម្ចាស់អើយ | ជួយសង្គ្រោះដល់ | ខ្ញុំអ្នកទីទ័ល |
| | សូមស្តារវិញផង | ។ |
៣១ | ខ្ញុំនឹងច្រៀងកោត | សរសើរបំផុត | ព្រះនាមព្រះអង្គ |
| ប្រកាសពីភាព | ថ្កុំថ្កើងរឿងរុង | របស់ព្រះអង្គ |
| | បម្រើគោរព | ។ |
៣២ | តម្កើងដូច្នេះ | ប្រសើរត្រចះ | និងជាទីសព្វ |
| ព្រះហឫទ័យ | ព្រះអម្ចាស់គាប់ | លើសពីការដុត |
| | កូនគោទៅថ្វាយ | ។ |
៣៣ | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
| គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ |
| | អាយុយឺនយូរ | ។ |
៣៤ | ដ្បិតទ្រង់សណ្តាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
| ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ |
| | នៅឯកោទេ | ។ |
៣៥ | ផែនដីផ្ទៃមេឃ | សមុទ្រជ្រៅជ្រែក | កុំនៅទំនេរ |
| សត្វក្នុងសមុទ្រ | ទាំងអស់ហែលរេ | ចូរតម្កើងដែរ |
| | សិរីរុងរឿង | ។ |
៣៦ | ដ្បិតព្រះជាម្ចាស់ | ទ្រង់នឹងសង្គ្រោះ | ក្រុងយើងខ្ពស់ឡើង |
| ទីក្រុងនានា | ស្រុកយូដាផង | ព្រះអង្គកសាង |
| | ថ្មីវិញទាំងអស់ | ។ |
| ឱ្យប្រជាជន | ចូលមកបន្ទន់ | ចូលជ្រកនៅរស់ |
| កន្លែងដើមវិញ | ឥតមានបង់បោះ | សុខស្រួលឥតខ្ចោះ |
| | កាន់កាប់ជាថ្មី | ។ |
៣៧ | កូនចៅរបស់ | អ្នកបម្រើស្មោះ | នឹងទទួលដី |
| មកទុកជាកេរ | មរតកប្រពៃ | បវរថ្លាថ្លៃ |
| | តាំងជាលំនៅ | ។ |