ត្រឡប់ទៅបញ្ជីសៀវភៅវិញ

បទអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានព្រះប្រាជ្ញាញាណ បទពាក្យ ៧

(ព្រះប្រាជ្ញាញាណ ៩,១-៦.៩-១១)

ឱ! ព្រះជាម្ចាស់ថ្លៃឧត្តមប្រសើរសក្តិសមពន់ពេកណាស់
ព្រះអង្គជាព្រះបុព្វបុរសទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា
ព្រះអង្គបង្កើតពិភពលោកក្នុងទឹកលើគោកពេញត្រៀបត្រា
ដោយព្រះបន្ទូលពោលវាចារស់ពេញលោកាច្រើនវាល់លាន
ព្រះអង្គបានសូនរូបមនុស្សទាំងស្រីទាំងប្រុសដោយវិញ្ញាណ
ឱ្យគ្រប់គ្រង់សត្វលោកប៉ុន្មានដែលព្រះអង្គបានបង្កើតស្រេច
ឱ្យត្រួតកាន់កាប់តាមសុចរិតដោយភាពវិសុទ្ធល្អបណ្តាច់
ព្រមទាំងឱ្យវិនិច្ឆ័យសម្រេចកុំឱ្យក្រឡាច់ពីយុត្តិធម៌
សូមទ្រង់មេត្តាប្រោសប្រទានព្រះប្រាជ្ញាញាណដ៏បវរ
ដល់ខ្ញុំជាអ្នកនៅកំដរហើយសូមអង្វរកុំកាត់កាល
ទូលបង្គំជាអ្នកបម្រើម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់
ខ្ញុំអ្នកឆោតល្ងង់មិនសូវយល់វិន័យនិមលច្បាប់ព្រះអង្គ
ទោះបីជាមានមនុស្សណាល្អគ្រប់ប្រការឥតសៅហ្មង
តែគ្មានប្រាជ្ញាញាណតម្រង់ជីវិតគេផងក៏គ្មានន័យ
បពិត្រព្រះម្ចាស់ព្រះប្រាជ្ញាញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ
ជាមួយព្រះអង្គជ្រាបអស់ន័យស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន
ពេលទ្រង់បង្កើតពិភពលោកប្រាជ្ញាញាណមកគង់សុខសាន្ត
ជាមួយព្រះអង្គគ្មានរំខានព្រះអង្គជ្រាបបានអ្វីទាំងអស់
១០សូមទ្រង់ប្រទានព្រះប្រាជ្ញាញាណវិសុទ្ធថ្លាដោយសន្តោស
ឱ្យចុះពីស្ថានបរមសុខខ្ពស់ពីបល្ល័ង្កយសដ៏ឧត្តម
សូមឱ្យព្រះប្រាជ្ញាញាណរួមធ្វើការទាំងព្រមជាមួយខ្ញុំ
បង្ហាត់បង្រៀនការតូចធំកិច្ចការដែលល្មមគាប់ព្រះទ័យ
១១ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ
ណែនាំរូបខ្ញុំទាំងរំពៃការពារផុតភ័យខ្ញុំរុងរឿង