ត្រឡប់ទៅបញ្ជីសៀវភៅវិញ

បទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ បទកាកគតិ

(ព្យាការីដានីអែល ៣,៥២-៨៨)

៥២បពិត្រព្រះម្ចាស់ជាព្រះរបស់ដូនតាយើងខ្ញុំ
សូមកោតសរសើទាំងថ្វាយបង្គំថ្កើងព្រះឧត្តម
អស់កល្បតទៅ
ខ្ញុំសូមតម្កើងលើកព្រះនាមឡើងពុំមានអាស្រូវ
សុចរិតយុត្តិធម៌ទ្រង់គង់ជាផ្លូវអង្វែងតទៅ
សរសើរព្រះអង្គ
៥៣សូមកោតសរសើរព្រះគ្មានអ្វីស្មើក្នុងគ្រានេះម្តង
ទ្រង់ប្រកបដោយសិរីរឿងរុងក្នុងវិហារទ្រង់
កុំនៅទីមទាម
៥៤សូមលើកតម្កើងព្រះម្ចាស់យាងឡើងលើខេរ៉ូប៊ីន
ខ្ពង់ខ្ពស់បំផុតគ្មានអ្វីប្រៀបផ្ទឹមស្មូត្រទាំងញញឹម
តម្កើងជានិច្ច
៥៥សូមតម្កើងទ្រង់ដែលយាងឡើងគង់លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើងរាល់ថ្ងៃព្រឹកល្ងាចព្រះម្ចាស់ជានិច្ច
កុំប្រែក្រឡះ
៥៦សូមថ្កើងសរសើរព្រះអង្គនៅលើវេហាស៍អាកាស
ព្រះអង្គគ្រប់គ្រងស្ថានបរមសុខខ្ពស់លើកសិរីយស
ព្រះអង្គរហូត
៥៧គ្រប់ស្នាព្រះហស្តព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូត្រតម្កើងរហូត
អស់កល្បអន្លាយ
៥៨ឱផ្ទៃមេឃអើយកុំនៅកន្តើយហាក់ដូចជិនណាយ
ស្មូត្របទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់
៥៩សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ
៦០ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង
៦១ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្តែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់
៦២សូមព្រះអាទិត្យព្រះច័ន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីគ្រប់ទិសតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦ចូរឱ្យកម្តៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ
៦៨សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូត្រលើកតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូត្រលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងអម្ចាស់ក្សត្រាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងព្រះម្ចាស់ទាំងឆ្លៀតកុំបីរវាត
រហូតតទៅ
៧៣សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូត្ររហូតទៅ
អស់កល្បយូរលង់
៧៤សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា
៧៥សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូត្របទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច
៧៦សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំប្រែមានល្បិច
អស់កល្បជានិច្ច
៧៧ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្តីរីកសាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ
៧៨ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ
៧៩ចូរអស់ទាំងត្រីតូចធំម្តេចក្តីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់
៨០សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូត្របទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់
៨១សូមឱ្យសត្វស្រុករស់នៅអែរអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ
៨២ចូរឱ្យមនុស្សទាំងស្រីទាំងប្រុសកុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គជាព្រះម្ចាស់ថ្លៃរៀងរាល់យប់ថ្ងៃ
កុំបីអល់អែក
៨៣ឱអ៊ីស្រាអែលអ្នកជាជាតិដែលវិសុទ្ធពន់ពេក
ចូរលើកតម្កើងព្រះខ្ពស់អនេកហួសទាំងផ្ទៃមេឃ
កុំសំងំនៅ
៨៤ចូរបូជាចារ្យគ្រប់ៗកាយាឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គទាំងថ្ងៃយប់ជ្រៅកុំសងំនៅ
សរសើរកុំឈប់
៨៥ចូរអ្នកទាំងឡាយដែលតែងខ្វល់ខ្វាយបម្រើគោរព
ស្មូត្រតម្កើងព្រះទាំងថ្ងៃទាំងយប់កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ
៨៦ចូរវិញ្ញាណក្ខន្ធអ្នកស្លាប់ប៉ុន្មានកុំបីចន្លោះ
ព្រលឹងនៃអ្នកសុចរិតទាំងអស់តម្កើងដោយស្មោះ
កុំនៅកន្តើយ
៨៧អស់អ្នកគោរពប្រណិប័តន៍សព្វគ្រប់ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្តជាអ្នកខ្សត់ហើយកុំបង្អង់ឡើយ
តម្កើងព្រះអង្គ
៨៨លោកអណានីយ៉ារួមជាមួយគ្នាអសារីយ៉ាផង
និងមីកាអែលតម្កើងព្រះអង្គស្មូត្រសរសើរផង
តទៅដរាប
ព្រះអង្គរំដោះយើងខ្ញុំឱ្យរស់ផុតពីក្តីស្លាប់
ហើយទ្រង់សង្គ្រោះខ្ញុំជាប្រញាប់រួចផុតទុក្ខសព្វ
ទាំងភ្លើងសន្ធៅ