ត្រឡប់ទៅបញ្ជីសៀវភៅវិញ

សូមអរព្រះគុណព្រះជាអម្ចាស់ដែលបានសង្គ្រោះប្រជាជនអ៊ីស្រាអែល បទពាក្យ ៧

(ព្យាការីអេសាយ ១២,១-៦)

ឱ! ព្រះម្ចាស់អើយទូលបង្គំលើកហត្ថប្រណម្យសូមតម្កើង
គ្រាមុនព្រះអង្គពិរោធយើងឥឡូវព្រះអង្គសម្រាលទុក្ខ
ព្រះអម្ចាស់ជាព្រះសង្គ្រោះជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខពីនេះទៅមុខពឹងលើព្រះ
ដ្បិតព្រះអម្ចាស់ជាកម្លាំងខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នាផុតទុក្ខគ្រប់គ្រារស់សុខដុម
ចូរទៅដងទឹកត្រជាក់ជុំចេញពីជើងភ្នំសង្គ្រោះផង
ចូរអរព្រះគុណព្រះអម្ចាស់ហើយចូរប្រកាសនាមព្រះអង្គ
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ប្រាប់ប្រជាជនផងទាំងឡាយ
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃឱ្យមនុស្សលើដីបានដឹងផង
អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គវិសុទ្ធឥតហ្មងព្រះនៃយើង