ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៤៣ (១៤២) បទពាក្យ ៧

ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរសូមឆ្លើយតបតដោយប្រណី
សូមកុំចាប់ទោសយកកំហុសអ្នកបម្រើស្មោះទៅកាត់ក្តី
ដ្បិតគ្មានជនសុចរិតប្រពៃចំពោះភ័ក្ត្រព្រះអង្គឡើយ
ពួកខ្មាំងសត្រូវតាមយាយីពីគ្រប់ទិសទីមិនកន្តើយ
ឃុំខ្ញុំក្នុងទីងងឹតហើយដូចអ្នកក្សិណក្ស័យយូរណាស់ណា
ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្តទាល់ទាំងគំនិតក្នុងកាយា
ថយទាំងកម្លាំងខ្វះប្រាជ្ញាមិនដឹងគិតថាត្រូវធ្វើម៉េច ?
ខ្ញុំនឹកទៅដល់ជំនាន់មុនសញ្ជឹងគូរគន់គ្រប់ភារកិច្ច
ជាស្នាព្រះហស្តល្អបណ្តាច់ឥតមានកលល្បិចគ្មានទើសទាល់
ដៃខ្ញុំអង្វរខ្លួនបែរក្រាបដាក់កាយឱ្យទាបមុខព្រះម្ចាស់
ដូចដីហួតហែងបែកប្រេះអស់ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក
ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយតបឆ្លើយឱ្យញយញឹក
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្តកុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ
ព្រោះតែខ្ញុំដូចជាមនុស្សដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម
គ្មាននរណាជួយអស់សង្ឃឹមដូចមេឃរលឹមគ្មានរស្មី
សូមទ្រង់បង្ហាញធម៌មេត្តាសន្តោសករុណាត្រាប្រណី
ខ្ញុំផ្ញើរូបកាយជីវិតក្តីលើព្រះម្ចាស់ថ្លៃរួចទៅហើយ
សូមប្រោសប្រទានឱ្យខ្ញុំស្គាល់មាគ៌ានិមលកុំកន្តើយ
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយព្រះជាម្ចាស់អើយមិនបោះបង់
ឱ! ព្រះអម្ចាស់សូមរំដោះខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង
សត្រូវយាយីតាមប្រឆាំងខ្ញុំសូមព្រះអង្គពួនជ្រកផង
១០សូមជួយបង្ហាត់ពត់បង្រៀនខ្ញុំព្រមតាមបានព្រះបំណង
ដ្បិតទ្រង់ជាព្រះល្អហ្មត់ហ្មងដឹកនាំខ្ញុំផងដាក់ផ្លូវល្អ
១១ឱ! ព្រះម្ចាស់អើយសូមគាំពារយល់ដល់នាមាព្រះបវរ
ប្រទានជីវិតខ្ញុំកំដរឱ្យបានរស់តទៅទៀតផង
សូមជួយនាំខ្ញុំឱ្យចេញផុតពីភាពងងឹតអាប់មួរហ្មង
គ្រោះថ្នាក់តូចធំអាសន្នផងដោយហឫទ័យទ្រង់សុចរិត
១២ដោយព្រះអង្គមានធម៌មេត្តាហឫទ័យករុណាស្មោះអាណិត
សូមកម្ទេចពួកបច្ចាមិត្តឱ្យវិនាសផុតសាបសូន្យទៅ