ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១២៧ (១២៦) បទពាក្យ ៧

ប្រសិនបើព្រះជាអម្ចាស់មិនជួយសង់ផ្ទះនោះទេណា
អ្នកសង់ខំប្រឹតឥតបានការគឺគ្មានវាសនាខ្វះលំនឹង
បើព្រះអម្ចាស់មិនរក្សាទីក្រុងទេណាឱ្យរឹងប៉ឹង
អ្នកយាមទីក្រុងដែលខំប្រឹងយាមរាល់ថ្ងៃហ្នឹងអត់អសារ
អ្នករាល់គ្នាក្រោកពីព្រលឹមរកស៊ីចិញ្ចឹមជន្មជីវ៉ា
ខំទាំងលំបាកគ្រប់កាយាតែឥតបានការផលចំណេញ
ព្រះជាអម្ចាស់បានប្រទានអាហារធនធានច្រើនពាសពេញ
ដល់អ្នកដែលព្រះអង្គស្រឡាញ់ក្នុងពេលយប់យន់គេនិទ្រា
ព្រះអម្ចាស់ប្រទានកូនចៅស្ថិតស្ថេរគង់នៅចាត់ទុកជា
ចំណែកមរតកដ៏មហិមាជាពរជ័យាពីព្រះអង្គ
កូនប្រុសៗដែលកើតចេញមកពេលដែលឪពុកពេញកម្លាំង
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំងនៃអ្នកចម្បាំងពេលប្រយុទ្ធ
អ្នកដែលមានកូនប្រុសយ៉ាងច្រើននោះនឹងចម្រើនសុខបំផុត
ពេលមានបច្ចាមកប្រយុទ្ធគេមិនតក់ស្លុតមិនអាម៉ាស