ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១២២ (១២១) បទកាកគតិ

គេប្រាប់ខ្ញុំថាយើងគ្រប់កាយាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អស្អាតត្រជាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភ័្រក្តអ្នកប៉ប្រិមឥតមានទាស់អ្វី
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សង្ហា
ដែលសង់ឡើងបានរឹងមាំក្រៃណាកំពែងអស្ចារ្យ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មានបល្ល័ង្កថ្កើងថ្កាននៃរាជវង្សដែល
ជាស្តេចដាវីឌបារមីក្រាស់ក្រែលគ្រប់គ្រងក្រវែល
រាស្រ្តដោយយុត្តិធម៌
សូមព្រះអម្ចាស់ប្រណីសន្តោសសន្តិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ត
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ត
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ត
ឥតមានទុក្ខភ័យ
យល់ដល់សន្តានញាតិមិត្តភុំផានបងប្អូនប្រុសស្រី
ខ្ញុំពោលឡើងថាសូមឱ្យសិរីបវរសួស្តី
ដល់ក្នុងថ្កុំថ្កើង
យល់ដល់ដំណាក់ល្អស្រស់វលក្ខណ៍ជាព្រះនៃយើង
សូមឱ្យអ្នកបានសិរីរុងរឿងខ្ពង់ខ្ពស់ថ្កុំថ្កើង
សុភមង្គល