ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១១៨ (១១៧) បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណីស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
សូមឱ្យប្រជាទ្រង់ប្រកាសសម្តែងចេញច្បាស់កុំទុកនៅ
ព្រះទ័យមេត្តាដ៏ត្រឹមត្រូវស្ថិតស្ថេរគង់នៅដូចថ្ងៃរះ
ឱ្យអស់ពូជពង្សលោកអរ៉ុនកុំនៅទំរន់ស្រែកឱ្យច្បាស់
ប្រកាសព្រះទ័យករុណាព្រះស្ថិតនៅយ៉ាងច្បាស់គ្រប់កន្លែង
អស់អ្នកគោរពកោតខ្លាចព្រះក៏ត្រូវប្រកាសឱ្យក្តែងៗ
ដូចអ៊ីស្រាអែលកុំបីក្រែងហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
ពេលខ្ញុំមានទុក្ខតប់ប្រមល់ខ្ញុំអង្វរដល់ព្រះឥតប្រែ
ព្រះម្ចាស់ក៏តបមកវិញដែរទ្រង់ថ្នមបំពេរខ្ញុំបានសុខ
ព្រះអម្ចាស់គង់កាន់ខាងខ្ញុំទុក្ខភ័យតូចធំចេញពីមុខ
លែងព្រួយលែងខ្លាចលែងកើតទុក្ខតើមនុស្សលោកធ្វើអ្វីបាន ?
ព្រះអង្គម្ចាស់គង់នៅជាមួយទ្រង់ការពារជួយខ្ញុំសុខសាន្ត
ឃើញអ្នកប្រឆាំងទាំងប៉ុន្មានរត់ប្រាសចាកស្ថានដូចចិត្តប៉ង
ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់មានជំនឿជាក់និងបំណង
លើព្រះអម្ចាស់ពេកកន្លងជាងពឹងផ្អែកផងជនក្បាលខ្មៅ
ខ្ញុំសង្ឃឹមជ្រកនិងពាក់ពឹងមានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវជាងយើងពឹងទៅលើអ្នកធំ
១០ជនជាតិដទៃអ្នកប្រឆាំងបានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១គេបានរោមជិតរឹតឡោមព័ទ្ធចង់ចូលសង្កត់ឱ្យខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែជួយប្រយុទ្ធដែរខ្ញុំមានជ័យ
១២វាមកឡោមព័ទ្ធខ្ញុំជិតជុំដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំងខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកឱ្យព្រះជួយឆាប់រហ័សពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោកព្រះអង្គចេញមកច្បាំងការពារ
១៥មនុស្សសុចរិតចិត្តអង់អាចមិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានឫទ្ធាសម្តែងតេជាអានុភាព
១៦ព្រះអង្គសម្តែងបារមីខ្ពស់ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាបឫទ្ធានុភាពអស្ចារ្យក្រៃ
១៧ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨ព្រះអង្គវាយប្រដៅអប់រំ​​ទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនឱ្យប្រាសមិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០ទ្វារនេះជាទ្វារព្រះអម្ចាស់សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ទ្វារបើកបម្រុងនៅចាំអ្នក
២១ខ្ញុំនឹងតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ព្រះអង្គសម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព
២៤ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់ខេត្តស្រុកភូមិគ្រប់អរទាំងអស់
២៥ឱ! ព្រះអម្ចាស់សូមសង្គ្រោះឱ្យខ្ញុំល្បីឈ្មោះមានសម្រស់
មានជោគមានជ័យខ្លាំងឥតខ្ចោះយើងនឹកអាឡោះអាល័យណាស់
២៦យើងសូមតម្កើងលើកព្រះអង្គដែលយាងមកក្នុងនាមព្រះម្ចាស់
យើងដែលស្ថិតក្នុងដំណាក់ព្រះសូមពរតេជះល្អប្រពៃ
២៧ព្រះអម្ចាស់បានបំភ្លឺយើងភ្លឺផ្លេកច្បាស់ឡើងដូចពេលថ្ងៃ
ធាងទន្សែយើងកាន់នៅដៃហែក្បួនវែងក្រៃដល់អាសនៈ
២៨ព្រះអង្គជាព្រះទូលបង្គំផ្តល់ក្តីសុខុមឥតមានអាក់
ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រដោយការជឿជាក់អស់ពីចិត្ត
២៩ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតទ្រង់មានព្រះទ័យអាណិត
សប្បុរសករុណាត្រង់សុចរិតអស់កល្បស្ថេរស្ថិតរហូតទៅ