ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១១០ (១០៩) បទកាកគតិ

ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះរាជាខ្ញុំ
ថាសូមអញ្ជើញអង្គុយខាងស្តាំកុំនៅសំងំ
ចាំយើងចាត់ចែង
ទំរាំយើងច្បាំងបង្ក្រាបពួកខ្មាំងចិត្តធំឥតក្រែង
យើងដាក់វានៅក្រោមជើងព្រះស្តែងឱ្យវាចំបែង
អ្នកកុំខ្វល់ខ្វាយ
សូមព្រះប្រទានព្រះករុណាបានលាតសន្ធឹងឆ្ងាយ
ព្រះរាជ្យព្រះអង្គពីស៊ីយ៉ូននាយតទៅអន្លាយ
បង្ក្រាបលើខ្មាំង
ថ្ងៃព្រះករុណាកេណ្ឌទ័ពនោះណាប្រជាទូទាំង
រួមនិងយុវជនស្ម័គ្រស្មោះទៅច្បាំងដូចសន្សើមខ្លាំង
ធ្លាក់ចុះរាល់ថ្ងៃ
ព្រះអម្ចាស់មានបន្ទូលថ្កើងថ្កានសន្យាថ្លាថ្លៃ
យើងបូជាចារ្យជាអចិន្ត្រៃយ៍យកតាមនិស្ស័យ
មែលគីសេដែក
ព្រះអម្ចាស់គង់ឈរនៅយូរលង់ខាងស្តាំចាំស្រែក
ពេលព្រះអង្គខ្ញាល់គំរាមប្រកែកកម្ទេចបំបែក
ពួកស្តេចនានា
ព្រះអង្គវិនិច្ឆ័យជាតិសាសន៍ដទៃឱ្យភ័យគ្រប់គ្នា
ព្រះអង្គទុកសពគរជើងលើគ្នាដេកដួលត្រៀបត្រា
គ្រប់ទីកន្លែង
ព្រះអង្គបំបាក់អ្នកធំគ្រប់ថ្នាក់គ្មានខ្លាចរអែង
ឱ្យគេចុះចេញបោះបង់តំណែងគេកោតស្ញប់ស្ញែង
ទូទាំងប្រទេស
ពេលស្តេចយាងទៅសព្វតាមទីផ្លូវទ្រង់សោយទឹកជ្រោះ
ដូចជាព្រះស្ងោយចម្អែតក្រពះរួចងើបព្រះភក្ត្រ
ដោយជោគសិរី