១ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គមានព្រះទ័យសន្តោស | |
| មេត្តាករុណាសប្បុរស | ព្រះដ៏ខ្ពង់ខ្ពស់នៅរហូត | ។ |
២ | តើនរណាអាចរាប់ពីស្នា | ព្រះហស្តអស្ចារ្យដ៏វិសុទ្ធ | |
| តើនរណាអាចថ្កើងបំផុត | សរសើររហូតគ្រប់គ្រាន់បាន ? | ។ |
៣ | អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ | សុចរិតស្មោះសរឥតខកខាន | |
| គ្រប់ពេលវេលានោះនឹងបាន | ជួយក្តីសុខសាន្តគ្មានសៅហ្មង | ។ |
៤ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ | |
| សូមនឹកដល់ទូលបង្គំផង | កុំបីបោះបង់ខ្ញុំកំព្រា | ។ |
៥ | ដើម្បីឱ្យទូលបង្គំបាន | ជួបក្តីសុខសាន្តគ្រប់វេលា | |
| អ្នកដែលទ្រង់ជ្រើសទុកជាគ្នា | ខ្ញុំសូមរួមជាមួយគេផង | ។ |
| ឱ្យទូលបង្គំបានខ្ពស់មុខ | រួមរស់សុខទុក្ខឥតមួរហ្មង | |
| នឹងប្រជារាស្រ្តផ្ទាល់ព្រះអង្គ | ក្នុងគ្រានេះម្តងនិងតទៅ | ។ |
៦ | យើងខ្ញុំបានធ្វើអំពើបាប | អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ | |
| ដូចបុព្វបុរសកន្លងទៅ | ធ្វើរឿងអាស្រូវមិនទំនង | ។ |
៧ | កាលនៅអេស៊ីបបុព្វបុរស | បំភ្លេចទាំងអស់គ្រាកន្លង | |
| ពុំយល់ពីការអស្ចារ្យផង | របស់ព្រះអង្គធ្វើនោះទេ | ។ |
៨ | ប៉ុន្តែព្រះអង្គបានសង្គ្រោះ | ពួកគេឱ្យរស់បានល្ហើយល្ហែ | |
| ដោយយល់ព្រះនាមទ្រង់ឥតប្រែ | ទើបបង្ហាញគេស្គាល់អានុភាព | ។ |
៩ | ព្រះអង្គគំរាមសមុទ្រកក់ | នោះវាភ័យតក់ស្លុតរីងជ្រាប | |
| ទ្រង់ឱ្យគេដើរកាត់បាតរាប | ដូចទីទំនាបរហោស្ថាន | ។ |
១០ | ព្រះអង្គសង្គ្រោះគេឱ្យផុត | ពីមនុស្សទុច្ចរិតចិត្តតិរច្ឆាន | |
| និងកណ្តាប់ដៃជនសាមាន្យ | អស់ក្តីរំខានបានល្ហើយល្ហែរ | ។ |
១១ | ទ្រង់ឱ្យសមុទ្រគ្របបាំងជិត | លើបច្ចាមិត្រមិនបង្អែរ | |
| បង្អង់ឱ្យនៅសល់ម្នាក់ទេ | មួយក៏គ្មានដែរដែលនៅរស់ | ។ |
១២ | ពេលបុព្វបុរសឃើញដូច្នោះ | គេជឿលើព្រះជាអម្ចាស់ | |
| ទើបគេនាំគ្នាច្រៀងទាំងអស់ | តម្កើងព្រះខ្ពស់លើលោកា | ។ |
១៣ | ក្រោយមកពួកគេឆាប់ភ្លេចភ្លឹក | កិច្ចការសន្ធឹកច្រើនអស្ចារ្យ | |
| គេពុំរង់ចាំពេលមួយណា | សម្រេចកិច្ចការព្រះអង្គឡើយ | ។ |
១៤ | នៅរហោស្ថានគេមានចិត្ត | លោភលន់មិនគិតធ្វើឫកជើយ | |
| ល្បងលព្រះម្ចាស់លេងព្រងើយ | ទីនោះឯងហើយដីហួតហែង | ។ |
១៥ | ព្រះអង្គប្រទានឱ្យគេឆី | អាហារប្រពៃច្រើនក្រៃលែង | |
| ពួកគេបានឆ្អែតពោះសំញែង | គេធ្វើឫកខែងដូចជិនណាយ | ។ |
១៦ | នៅក្នុងជំរំគេនាំគ្នា | ច្រណែននិន្ទាខ្លាំងពេកក្រៃ | |
| ម៉ូសេអារ៉ុនទាំងពីរកាយ | បម្រើប្រពៃនៃព្រះម្ចាស់ | ។ |
១៧ | ពេលនោះផែនដីញ័ររញ្ជួយ | បែកប្រេះរលួយខ្ទេចខ្ទាំអស់ | |
| ស្រូបយកដាថានមិនឱ្យរស់ | បក្សពួករបស់អប៊ីរ៉ាមផង | ។ |
១៨ | មានភ្លើងសន្ធៅមកឆាបឆេះ | ពួកគេទាំងអស់ខ្ទេចសូន្យសុង | |
| អណ្តាតភ្លើងឆេះមនុស្សយង់ឃ្នង | ទាំងអស់តែម្តងគ្មានសល់មួយ | ។ |
១៩ | លើភ្នំហូរ៉ែបគេជួបជុំ | យកមាសទាំងដុំនាំគ្នាជួយ | |
| ឆ្លាក់ដាប់ដុតដំបានគោមួយ | គេលែងភ័យព្រួយទុកជាព្រះ | ។ |
២០ | ពួកគេបែរជាយករូបសត្វ | មកទុកថ្វាយថ្វាត់ក្រាបសំពះ | |
| ជាសត្វស៊ីស្មៅដើរពេញពាស | ទុកដូចជាព្រះគួរគោរព | ។ |
២១ | ពួកគេភ្លេចថាព្រះតែមួយ | ជាព្រះដែលជួយទាំងថ្ងៃយប់ | |
| ដោយស្នាព្រះហស្តខ្ពស់លើសលប់ | ពាសពេញសាយសព្វស្រុកអេស៊ីប | ។ |
២២ | ការអស្ចារ្យទៀតដែលមាននៅ | ក្នុងស្រុកកូនចៅប្រាហាំស្រាប់ | |
| និងស្នាព្រះហស្តដ៏ចំណាប់ | គួរឱ្យស្ញែងស្ញប់ឯសមុទ្រ | ។ |
២៣ | ព្រះអង្គសម្រេចព្រះហឫទ័យ | កម្ទេចប្រល័យគេឱ្យផុត | |
| តែលោកម៉ូសេដ៏វិសុទ្ធ | ចេញមកក្រាបលុតអង្វរសុំ | ។ |
| គាត់ឃាត់ព្រះអង្គមិនឱ្យលប់ | តាមព្រះពិរោធដោយគំនុំ | |
| មិនឱ្យព្រះអង្គគិតគួនគុំ | ពួកគេនឹងយំដោយទ្រង់ខ្ញាល់ | ។ |
២៤ | គេពុំព្រមចុះចូលទៅក្នុង | ទឹកដីបំព្រងជារៀងរាល់ | |
| សម្បូណ៌សប្បាយដោយភោគផល | ពុំទទួលស្គាល់បន្ទូលទេ | ។ |
២៥ | គេពោលរអ៊ូក្នុងជំរំ | លាន់ឮរងំគ្មានពេលល្ហែ | |
| មិនព្រមស្តាប់ព្រះសូរសៀងទេ | គេមិនប្រួលប្រែជឿព្រះអង្គ | ។ |
២៦ | ដូច្នេះព្រះម្ចាស់ខ្ញាល់ខ្លាំងណាស់ | ទ្រង់ក៏ប្រកាសមិនរេរង់ | |
| នឹងបំផ្លាញគេឱ្យខ្ទេចផង់ | ឱ្យវិនាសក្នុងរហោស្ថាន | ។ |
២៧ | ទ្រង់នឹងកម្ចាត់ឱ្យរលាយ | វិនាសអន្តារាយគ្រប់ៗប្រាណ | |
| ដោយឱ្យគេស្លាប់ចៀសមិនបាន | លើទឹកដីស្ថានសាសន៍ដទៃ | ។ |
២៨ | នៅឯពេអ៊រគេនាំគ្នា | ឱនកាយវន្ទាទាំងលើកដៃ | |
| គោរពព្រះបាលរាល់ខែថ្ងៃ | ជាព្រះអប្រីយ៍គ្មានវិញ្ញាណ | ។ |
២៩ | ពួកគេប្រព្រឹត្តអំពើទាស់ | នឹងព្រះអម្ចាស់មិនខកខាន | |
| ទ្រង់ព្រះពិរោធពន់ប្រមាណ | នាំឱ្យកើតមានគ្រោះកង្វល់ | ។ |
៣០ | លោកភេនេអាសក្រោកដាក់ទោស | គេតាមកំហុសឥតមានសល់ | |
| គ្រោះកាចស្ងប់ស្ងៀមលែងអំពល់ | ពួកគេបានស្គាល់តែសុខសាន្ត | ។ |
៣១ | ព្រោះតែកើតហេតុការណ៍ទាំងនេះ | ព្រះអម្ចាស់ប្រោសលោកឱ្យបាន | |
| ជាមនុស្សសុចរិតឥតសាមាន្យ | អស់កល្បសុខសាន្ដអង្វែងទៅ | ។ |
៣២ | នៅប្រភពទឹកមេរីបា | គេគ្រប់កាយាធ្វើអាស្រូវ | |
| នាំឱ្យព្រះម្ចាស់ខ្ញាល់ពេកកូវ | លោកម៉ូសេត្រូវទទួលទោស | ។ |
៣៣ | គេធ្វើឱ្យរូបលោកឆ្អែតចិត្ត | ថប់ក្នុងគំនិតមិនដឹងខុស | |
| ជាហេតុឱ្យលោកវិលវល់អស់ | ហើយមានប្រសាសន៍ដោយមិនគិត | ។ |
៣៤ | ពួគេពុំបានវាយប្រហារ | ប្រជានានាប្រែទៅស្និទ្ធ | |
| រួមរស់នឹងគេដោយមិនគិត | ហើយបានក្បត់ផិតនឹងបញ្ជា | ។ |
៣៥ | ពួកគេបែរទៅជាប់ព័ន្ធពាក់ | ជាមួយពួកអ្នកសាសន៍នានា | |
| ហើយគេបានរៀនតៗគ្នា | ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង | ។ |
៣៦ | គេថ្វាយបង្គំព្រះក្លែងក្លាយ | រៀងរាល់តែថ្ងៃគ្មានកោតក្រែង | |
| ថ្ងៃក្រោយគេនឹងសោកសង្រេង | ដោយសារខ្លួនឯងនាំវិនាស | ។ |
៣៧ | គេយកបុត្រភ្ងារទាំងស្រីប្រុស | ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស | |
| ទៅថ្វាយអារក្សដោយផ្តេសផ្តាស | ថ្វាយទៅដល់ព្រះមិនដឹងអី | ។ |
៣៨ | គេបានប្រហារជិវិតកូន | ប្រុសស្រស់ស្រីស្ងួនទាំងក្មេងខ្ចី | |
| ដែលគ្មានកំហុសមិនដឹងអី | ធ្វើឱ្យទឹកដីលែងវិសុទ្ធ | ។ |
៣៩ | អំពើដែលពួកគេប្រព្រឹត្ត | ធ្វើឱ្យដក់ដិតរៀងរហូត | |
| គេបានក្បត់ព្រះតែមួយគត់ | ព្រោះគេមានពុតមិនព្រមកែ | ។ |
៤០ | ពេលនោះព្រះអម្ចាស់មិនទ្រាំ | នឹងប្រជាជនទ្រង់ទៀតទេ | |
| ទ្រង់ព្រះពិរោធនឹងពួកគេ | ដែលជាប្រជាផ្ទាល់ព្រះអង្គ | ។ |
៤១ | ព្រះអង្គបញ្ជូនគេឱ្យធ្លាក់ | ទៅក្នុងអន្ទាក់ជាតិផ្សេងម្តង | |
| ឱ្យពួកបច្ចាមិត្រគ្រប់គ្រង | លើពួកនោះផងឱ្យដឹងដៃ | ។ |
៤២ | ខ្មាំងសត្រូវជិះជាន់សង្កត់ | ពួកគេតាមចិត្តមិនប្រណី | |
| បង្ក្រាបពួកគេទាំងយប់ថ្ងៃ | ចុះចូលក្នុងដៃគេទៀតផង | ។ |
៤៣ | ទ្រង់សង្គ្រោះគេច្រើនលើកគ្រា | គេនៅនាំគ្នាចង់ប៉ុនប៉ង | |
| បះបោរប្រឆាំងនឹងព្រះអង្គ | បាបច្រើនកន្លងមិនព្រមឈប់ | ។ |
៤៤ | ពេលព្រះអង្គឮពួកគេស្រែក | ថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់ | |
| ព្រះអង្គក៏មានព្រះទ័យស្ងប់ | លែងខឹងលែងស្អប់ថែមអាណិត | ។ |
៤៥ | ព្រះអង្គសន្តោសប្រោសប្រណី | នឹកដល់មេត្រីចងជុំជិត | |
| ព្រះទ័យទ្រង់ដូរមកអាណិត | មេត្តាធម៌ស្ថិតនៅលើសលប់ | ។ |
៤៦ | ទ្រង់បានធ្វើឱ្យខ្មាំដែលកៀរ | ពួកគេទៅជាឈ្លើយសំអប់ | |
| មានចិត្តអាណិតពួគេគ្រប់ | លែងខឹងលែងស្អប់លែងធ្វើបាប | ។ |
៤៧ | ឱព្រះអម្ចាស់យើងខ្ញុំអើយ | ក្នុងពេលនេះហើយសូមប្រញាប់ | |
| យាងមកសង្គ្រោះយើងផុតស្លាប់ | ឱ្យបានឆាប់ៗកុំបង្អង់ | ។ |
| ដើម្បីឱ្យខ្ញុំថ្វាយបង្គំ | ព្រះនាមឧត្តមសែនខ្ពស់ខ្ពង់ | |
| វិសុទ្ធវិសាលល្អត្រចង់ | បានខ្ពស់មុខផងដោយថ្កើងទ្រង់ | ។ |
៤៨ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់មានយូរលង់ | |
| ជាព្រះអ៊ីស្រាអែលតពូជពង្ស | ដរាប់ទៅផងរៀងទៅអើយ | ។ |