ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០១ (១០០) បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀងរៀបរាប់មិនល្អៀងពីព្រះទ័យ
មេត្តាករុណាដ៏ថ្លាថ្លៃទាំងស្មូត្របទថ្វាយព្រះអង្គផង
យើងខ្ញុំនឹងយកចិត្តទុកដាក់នឹងមាគ៌ាជាក់ល្អឥតហ្មង
តើពេលណាទៅទើបព្រះអង្គយាងរកខ្ញុំផងទាំងគ្រួសារ
យើងខ្ញុំមិនដែលទៅចូលចិត្តអំពើឧក្រិដ្ឋពាលឫស្យា
មិនចូលចិត្តអ្នកក្បត់សាវាពាលឥតមេត្តាមិនចង់ជួប
រូបខ្ញុំមិនឱ្យមនុស្សទុច្ចរិតខិតចូលមកជិតទោះថ្ងៃយប់
ហើយក៏មិនចង់ទៅសេពគប់ជំពាក់ជំពប់មនុស្សអាក្រក់
យើងខ្ញុំបិទមាត់អ្នកនិយាយបរិហារពីក្រោយដោយគម្រក់
ខ្ញុំមិនអាចទ្រាំចំពោះអ្នកវាយឫកហួសថ្នាក់អួតបំប៉ោង
ខ្ញុំនឹងស្វែងរកអ្នកមានចិត្តស្មោះត្រង់សុចរិតមិនកាចកោង
ឱ្យគេកាន់កាប់ក្នុងស្រុកយើងមិនចេះឆ្មៃឆ្មើងនៅជាមួយ
រីឯមនុស្សដែលបោកប្រាសខ្ញុំមិនឱ្យរស់ក្នុងផ្ទះឡើយ
អ្នកនិយាយភូតភរក៏ដោយមិនអាចកៀកកើយជិតខ្ញុំបាន
រាល់ព្រឹកខ្ញុំតែងតែបិទមាត់ពួកមនុស្សទុច្ចរិតទាំងប៉ុន្មាន
ខ្ញុំនឹងដកពួកគេឱ្យបានពីក្រុងថ្កើងថ្កាននៃព្រះអង្គ