១ | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ | |
| ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ | ។ |
២ | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ | |
| ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ |
៣ | មានភ្លើងឆេះនៅមុខព្រះម្ចាស់ | សត្រូវច្រើនណាស់ត្រូវបាត់បង់ | |
| អ្នកដែលប្រឆាំងច្បាំងព្រះអង្គ | គ្មានសល់ម្នាក់ផងក្ស័យសង្ខារ | ។ |
៤ | មានផ្លេកបន្ទោរជះពន្លឺ | ខ្ទ័រខ្ទាររន្ទឺសព្វលោកា | |
| ផែនដីតក់ស្លុតឥតឧបមា | ញ័រអស់កាយាដោយភិតភ័យ | ។ |
៥ | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ | |
| ដូចជាក្រមួនត្រូវរលាយ | ដោយកម្តៅថ្ងៃនៅមិនបាន | ។ |
៦ | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន | |
| ឱ្យប្រជារាស្រ្តទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ |
៧ | អស់អ្នកដែលថ្វាយបង្គំព្រះ | ក្លែងក្លាយទាំងអស់នឹងកង្វល់ | |
| អួតអាងពីការគោរពដល់ | ព្រះឥតបានផលត្រូវអាម៉ាស់ | ។ |
| ឱព្រះទាំងឡាយមានគរគោក | ច្រើននៅលើលោកចូររូតរះ | |
| ក្រាបថ្វាយបង្គំព្រះអម្ចាស់ | គឺទ្រង់ជាព្រះលើលោកា | |
៨ | បពិត្រព្រះម្ចាស់ពេលដែលក្រុង | ស៊ីយ៉ូនបានដឹងដំណឹងថា | |
| ព្រះអង្គវិនិច្ឆ័យដូច្នេះណា | អ្នកក្រុងយូដាសប្បាយក្រៃ | ។ |
៩ | បពិត្រព្រះជាអម្ចាស់ខ្ញុំ | ព្រះអង្គឧត្តមផុតផែនដី | |
| ប្រសើរលើសអស់ព្រះដទៃ | ទោះព្រះផ្សេងក្តីមិនស្មើផង | ។ |
១០ | អ្នកដែលស្រឡាញ់ព្រះអម្ចាស់ | និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់ | |
| ចូរស្អប់អំពើកាចយង់ឃ្នង | ព្រះអង្គនឹងរងថែរក្សា | ។ |
១១ | មានទាំងពន្លឺបំភ្លឺមនុស្ស | មានចិត្តសប្បុរសសុចរិតថ្លា | |
| ជនដែលទៀងត្រង់គ្រប់អាត្មា | អរឥតឧបមាសប្បាយក្រៃ | ។ |
១២ | ឱពួកអ្នកសុចរិតទាំងឡាយ | ចូរអ្នករីករាយកុំគិតអ្វី | |
| ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក | ។ |