ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់ជាព្រះសង្គ្រោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំអង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំមានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេកក្តីស្លាប់ស្រែកហៅកៀកកិត
គេចាត់ទុករូបខ្ញុំក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិតឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹងគ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះរូបខ្ញុំរស់នៅកំព្រា
ឱ្យរងទុក្ខវេទនាសែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គសង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅរារាំងផ្លូវទូលបង្គំ
ព្រះអង្គឱ្យអស់អ្នកដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ
ឆ្ងាយពីទូលបង្គំទាំងស្អប់ខ្ពើមថែមទៀតផង
១០ភ្នែកខ្ញុំប្រែស្រវាំងវេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គលើកដៃផងសូមប្រណី
១១តើមនុស្សដែលស្លាប់ទៅនឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរីព្រះអង្គថ្លៃកើតឬទេ ?
១២តើអ្នកនៅក្នុងផ្នូរអាចថ្លែងអរគិតរិះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ព្រះអង្គដែរកើតទេឬ ?
១៣តើពួកអ្នកដែលស្ថិតទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺព្រះអង្គឬ ដូចម្តេចបាន ?
១៤ឱព្រះអម្ចាស់អើយខ្ញុំដង្ហោយឥតស្រាកស្រាន្ត
អង្វរម្ចាស់ថ្កើងថ្កានលំឱនប្រាណតាំងពីព្រឹក
១៥ឱព្រះអម្ចាស់អើយហេតុម្តេចឡើយទ្រង់មិននឹក
ចោលខ្ញុំឱ្យវរវឹកមិននានឹកខ្ញុំយ៉ាងនេះ ?
១៦ខ្ញុំលំបាកកាយាជិតមរណាពីក្មេងម៉េ្លះ
ព្រះអង្គធ្វើយ៉ាងនេះឱ្យខ្ញុំអស់ក្តីសង្ឃឹម
១៧ព្រះពិរោធព្រះអង្គសង្កត់ត្រង់លើរូបខ្ញុំ
ធ្វើឱ្យទូលបង្គំភ័យអួលងំបាត់ស្មារតី
១៨ទុក្ខទោសនេះដូចជាផ្ទៃជលសាធំពេកក្រៃ
ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃគ្មានប្រណីគ្របពីលើ
១៩ព្រះអង្គបានដេញមិត្តធ្លាប់ជិតស្និទ្ធមិនអើពើ
ចេញឆ្ងាយលែងងាកមើលខ្ញុំស្ទាក់ស្ទើរនៅកំព្រា
រូបខ្ញុំប្រែធុញងប់លំបាកសព្វវេទនា
ឃើញតែភាពអន្ធិកានៅជាគ្នាជាប់រហូត