ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៧ (៨៦) បទកាកគតិ

ព្រះម្ចាស់សង់ក្រុងឧត្តមឧត្តុង្គល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមយេរូសាឡឹម
ជាក្រុងថ្លៃថ្លា
ព្រះអង្គស្រឡាញ់ស៊ីយ៉ូនពោរពេញជាក្រុងអស្ចារ្យ
វិសេសវិសាលលើសក្រុងនានាលើទឹកដីជា
របស់យ៉ាកុប
ឱក្រុងរបស់ព្រះជាអម្ចាស់គេនឹងរៀបរាប់
តម្កើ់ងសិរីរុងរឿងគួរគាប់របស់អ្នកជាប់
ដោយពោលថ្លាថ្លែង
ក្នុងចំណោមអ្នកអេស៊ីបស្គាល់ជាក់បាប៊ីឡូននេះឯង
អ្នកខ្លះកើតនៅទីរ៉ូសធំខែងភីលីស្ទីនស្តែង
អេត្យូពីដែរ
ចំពោះបុរីស៊ីយ៉ូនស្រស់ខ្ចីមិនរួញរាទេ
យើងទាំងអស់គ្នាសុទ្ធកើតពីគេព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ
ពេលនោះព្រះម្ចាស់កត់ឈ្មោះទាំងអស់ក្នុងបញ្ជីធំ
ប្រជាទាំងនេះសុទ្ធតែកើតក្នុងស៊ីយ៉ូនជាក្រុង
ដែលផ្តល់កំណើត
ពេលនោះមនុស្សគេលោតឡកគោះច្រៀងរាំរហូត
ថាគេជាកូនដែលគេបានកើតមានដើមកំណើត
ពីក្រុងស៊ីយ៉ូន