ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៣ (៨២) បទកាកគតិ

ឱព្រះម្ចាស់អើយសូមកុំកន្តើយគង់ស្ងៀមស្ងាត់ឈឹង
សូមទ្រង់មេត្តាកុំធ្វើមិនដឹងម្តេចព្រងើយធ្មឹង
យ៉ាងដូច្នេះណា
សត្រូវព្រះអង្គគ្រប់គ្នាកំពុងបង្កបញ្ហា
នាំចលាចលគ្រប់ៗអាត្មាអ្នកស្អប់ក្សត្រា
កំពុងបះបោរ
ពួកគេរៀបចំគម្រោងការធំប្រឆាំងឆោឡោ
គេឃុបឃិតគ្នាប្រឆាំងបះបោររាស្រ្តក្នុងនគរ
របស់ព្រះម្ចាស់
គេពោលឡើងថា« តោះយើងនាំគ្នាប្រហារឱ្យអស់
កុំឱ្យមានសល់ជនជាតិទាំងនោះកុំឱ្យនឹកឈ្មោះ
អ៊ីស្រាអែលទៀត»
គេពិភាក្សាគំនិតរួមគ្នាពីរឿងចោលម្សៀត
ចុះសិន្ធិសញ្ញាពីការបៀនបៀតនឹងព្រះម្ចាស់ទៀត
រួមគ្នាប្រឆាំង
មានជាតិអេដំអ៊ីស្មាអែលព្រមម៉ូអាប់អ្នកខ្លាំង
ជនជាតិហាការួមគ្នាតតាំងចូលមកប្រឆាំង
នឹងព្រះអម្ចាស់
ជនជាតិកេបាលអាំម៉ូនរាលដាលអាម៉ាឡេករូរះ
ទាំងភីលីស្ទីនទីរ៉ុសស្អេកស្កះប្រឆាំងព្រះម្ចាស់
ពីគ្រប់ទិសទី
នៅមានច្រើនទៀតសូម្បីជនជាតិពួកអាស្ស៊ីរី
ក៏បានចូលរួមកុះករមូលមីរចូលដៃគ្រប់ទី
លោកឡុតសាមាន្យ
១០សូមព្រះអង្គធ្វើដូចប្រព្រឹត្តលើពួកម៉ាឌីយ៉ាន
លោកស៊ីសេរ៉ាស្តេចទាំងប៉ុន្មាននិងស្តេចយ៉ាប៊ីន
ឯជ្រោះគីសូន
១១ព្រះអង្គប្រហារឱ្យគេមរណាវិនាសទាំងកូន
ដូចនៅអែនឌ័រសពទាំងប៉ុន្មានរលួយម៉ត់សូន្យ
ជាជីទាំងអស់
១២សូមព្រះអង្គដាក់ទោសគេម្នាក់ៗដូចបានដាក់ទោស
ដល់ស្តេចអូរឹបនិងស្តេចសឹបនោះហើយកុំស្រណោះ
ពួកនោះឡើយណា
ដាក់ទោសទាំងមេកុំបីរិះរេដូចជាសេបា
កុំឱ្យរួចខ្លួនមួយសោះឡើយណាដូចដាក់ទោសា
សាល់ម៉ូណាដែរ
១៣គេនិយាយថា«យើងនាំគ្នីគ្នាកុំនៅរិះរេ
វាយដណ្តើមដីមកធ្វើជាកេរដីនោះគឺជា
របស់ព្រះម្ចាស់ »
១៤ឱព្រះខ្ញុំអើយកុំអែអង់ឡើយឱ្យគេនិរាស
ដូចជាធូលីខ្យល់បកបញ្រ្ចាស់ដូចចំបើងវាស
វាត់ប៉ើងតាមខ្យល់
១៥ដូចភ្លើងវក់វីឆេះម៉ត់ខ្ទេចខ្ទីដុតអស់គ្មានសល់
អណ្តាតស្កឹមស្កៃភ្លើងព្រៃត្រូវខ្យល់ឆេះអស់មិនសល់
វិនាសអសារ
១៦សូមប្រើព្យុះខ្យល់បក់បោកឱ្យដល់ដេញតាមពួកវា
ហើយសូមបន្ថែមទាំងព្យុះសង្ឃរាធ្វើឱ្យពួកវា
រន្ធត់ញ័រញាប់
១៧ព្រះអម្ចាស់អើយមេត្តាធ្វើឱ្យពួកគេមុខអាប់
និងឱ្យគេស្វែងនាមព្រះអង្គគាប់ពួកគេមុខអាប់
រហូតតទៅ
១៨សូមឱ្យពួកគេបាក់មុខខ្មៅអែវិនាសមិននៅ
ងើបមុខមិនរួចគ្មានញាតិពូជផៅឈ្មោះគេអាស្រូវ
គ្មានញាតិគ្មានមិត្រ
១៩ឱ្យគេស្គាល់ថាព្រះអម្ចាស់ជាព្រះគង់នៅជិត
ព្រះខ្ពស់ឧត្តុង្គឧត្តមបំផុតប្រសើរពេកពិត
លើភពផែនដី