ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨១ (៨០) បទកាកគតិ

នាំគ្នាពន្លឺសំឡេងឱ្យឮថ្វាយព្រះជាម្ចាស់
ដែលជាកម្លាំងនៃយើងទាំងអស់សាទរដល់ព្រះ
របស់យ៉ាកុប
ចូរយើងប្រគុំតន្ត្រីរងំឱ្យបានឆាប់ៗ
ដេញពិណវាយស្គរចាប៉ីវាយក្រាប់ប្រគុំឱ្យជាប់
កុំបីបង្អង់
ផ្លុំស្នែងប្រកាសពេលដាច់ខែចាស់ចូលដល់ថ្មីម្តង
ថ្ងៃចន្ទពេញវង់ល្អល្អះបំព្រងពេញបូណ៌មីផង
ថ្ងៃបុណ្យដំណែល
ព្រោះជាក្បួនច្បាប់រៀងមកដរាបនៅអ៊ីស្រាអែល
តាមបទបញ្ជាមាគ៌ាក្រាស់ក្រែលរបស់ព្រះដែល
ជាព្រះយ៉ាកុប
នេះជាវិន័យព្រះអង្គលកលៃពេលទ្រង់បង្គាប់
មកដល់ពូជពង្សរបស់យ៉ូសែបនៅស្រុកអេស៊ីប
ហើយខ្ញុំឮថា
យើងដកអម្រែកដ៏ធ្ងន់អនេកចេញពីលើស្មា
ហើយក៏បានដកការធ្ងន់អស្ចារ្យចេញពីហត្ថា
របស់អ្នកដែរ
ពេលអ្នកមានទុក្ខអ្នកបានស្រែករកយើងគ្មានពេលល្ហែ
យើងក៏រំដោះមិននៅទំនេរហើយយើងរិះរេ
ល្បងមើលចិត្តអ្នក
ឱប្រជារាស្រ្តនៃយើងទាំងអស់ចូរស្តាប់ឱ្យជាក់
ពាក្យយើងរំលឹកយើងដាស់តឿនអ្នកកុំបីអន់អាក់
ត្រងត្រាប់លកលៃ
១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃ
កុំទៅគោរពកោតខ្លាចធ្វើអ្វីព្រោះព្រះដទៃ
ជាព្រះក្លែងក្លាយ
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយ
យើងបានយកអ្នកពីអេស៊ីបហើយកុំនៅកន្តើយ
ទទួលពរយើង
១២តែរាស្រ្តមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើឫកឆ្មើង
ទោះអ៊ីស្រាអែលក៏លែងស្គាល់យើងធ្វើតាមទំនើង
អំពើអាក្រក់
១៣ហេតុដូច្នេះហើយទើបយើងបណ្តោយឱ្យពួកគេធ្លាក់
យើងឱ្យគេធ្វើតាមចិត្តគម្រក់ប្រព្រឹត្តអាក្រក់
តាមទំនើងចិត្ត
១៤តែបើប្រជារាស្រ្តទាំងអស់គ្នាគេប្តូរគំនិត
ស្តាប់សំឡេងយើងហើយគេប្រព្រឹត្តតាមមាគ៌ាពិត
របស់យើងនោះ
១៥នោះយើងមុខជាបង្ក្រាបបច្ចាជាខ្មាំងទាំងអស់
ហើយយើងសម្លាប់មិនឱ្យសល់សោះសត្រូវទាំងអស់
តែមួយរំពេច
១៦អស់អ្នកដែលធ្លាប់ស្អប់ព្រះម្ចាស់ជាប់គេឈប់រត់គេច
នាំគ្នាមកចូលព្រះអង្គជានិច្ចតែទ្រង់មិនភ្លេច
ដាក់ទោសគេឡើយ
១៧ព្រះអម្ចាស់បានផ្តល់ស្រូវជាទានយ៉ាងល្អមកឱ្យ
ពួកអ៊ីស្រាអែលបរិភោគរួចហើយទាំងប្រទានឱ្យ
ទឹកឃ្មុំបរិបូណ៌