១ | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន | |
| វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ | ។ |
២ | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី | |
| សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ | ។ |
៣ | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា | |
| ឈាមរាស្រ្តហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ | ។ |
៤ | អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ | |
| គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ | ។ |
៥ | ឱ! ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
| តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ |
៦ | សូមជះក្តីក្រោធលើជាតិផ្សេង | ឱ្យជនវង្វេងស្គាល់ព្រះអង្ក | |
| និងនគរនានានោះផង | ដែលមិនស្មោះត្រង់នឹងព្រះម្ចាស់ | ។ |
៧ | ដ្បិតពួកគេបានកាប់សម្លាប់ | ពូជលោកយ៉ាកុបចោលទាំងអស់ | |
| បំផ្លាញទឹកដីជារបស់ | មរតកកេរកោះលោកទៀតផង | ។ |
៨ | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំខុសឆ្គង | |
| មេត្តាលើកទោសកំហុសម្តង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ |
៩ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
| ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ |
១០ | ហេតុអ្វីបានជាទ្រង់បណ្តោយ | ជាតិផ្សេងៗឱ្យមកពោលថា | |
| «តើព្រះគេនោះនៅឯណា | សូមទ្រង់មេត្តាដាក់ទោសចុះ | ។ |
១១ | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮគ្រលួចគួរស្រណោះ | |
| សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ |
១២ | សូមព្រះជាម្ចាស់កុំអាណិត | ប្រជាជាតិជិតទាំងអស់គ្នា | |
| ធ្វើឱ្យគេរស់ដោយវេទនា | អាប់មុខមួយជាប្រាំពីរដង | ។ |
១៣ | ឯពួកយើងខ្ញុំដែលជារាស្រ្ត | ដូចចៀមទាំងអស់របស់ទ្រង់ | |
| នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ |