ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧១ (៧០) បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ
ដោយព្រះអង្គមានព្រះហឫទ័យសុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
ឱព្រះជាម្ចាស់សូមរំដោះខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន
រួចផុតពីដៃជនសាមាន្យមនុស្សទាំងប៉ុន្មានប៉ងយាយី
បពិត្រព្រះជាអម្ចាស់អើយរូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែឆ្នៃខ្ញុំឥតឈប់
មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជិវិតខ្ញុំស្ងប់រៀងរហូត
ខ្ញុំតែងពោលពាក្យកោតសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
ឥឡូវនេះខ្ញុំចាស់ជរាទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ
មេត្តាកុំបោះបង់ខ្ញុំឡើយកុំទុកខ្ញុំឱ្យនៅឯកា
១០ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំគេនៅជួបជុំពោលមុសា
អស់អ្នកដែលឃ្លាំចាំប្រហារគេពិភាក្សាយោបល់គ្នា
១១គេថាព្រះម្ចាស់លែងអើពើលែងការពារមើលថែគាំពារ
ចូរដេញតាមចាប់គាត់គ្រប់គ្នាព្រោះគ្មាននរណាជួយគាត់បាន
១២ឱ! ព្រះជាម្ចាស់អើយសូមកុំយាងចាកចោលខ្ញុំចេញចាកស្ថាន
សូមយាងមកជួយកុំបីខានឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣សូមឱ្យអស់អ្នកដែលប៉ុនប៉ងប្រហារខ្ញុំបង់ត្រូវអន្តរាយ
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយកិត្តិយសប្រែក្លាយបាត់សូន្យឈឹង
១៤រីឯរូបខ្ញុំ ខ្ញុំសង្ឃឹមលើព្រះជាធំជាពំនឹង
នៅតែសរសើរគិតសញ្ជឹងកោតក្រែងព្រះអង្គជាដរាប
១៥ពីព្រឹកដល់ល្ងាចខ្ញុំនៅតែតំណាលហូរហែនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ពីដើមរៀបរាប់ច្រើនមហិមា
១៦បពិត្រព្រះជាម្ចាស់ខ្ញុំអើយព្រោះព្រះអង្គហើយយកអាសា
ខ្ញុំថ្កើងរំលឹកធម៌ករុណាសុចរិតថ្លៃថ្លារបស់ទ្រង់
១៧បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្តងចិត្តនៅចាំចងតែព្រះអង្គ
១៨ឱ! ព្រះជាម្ចាស់ថ្លៃខ្ញុំអើយសក់សទៅហើយធ្មេញបាក់ផង
ខ្ញុំចាស់ជរាគ្រានេះម្តងសូមកុំបោះបង់ខ្ញុំចោលឡើយ
ដើម្បីឱ្យខ្ញុំអាចប្រកាសពីស្នាព្រះហស្តព្រះម្ចាស់ថ្លៃ
ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យឫទ្ធាបារមីព្រះជាម្ចាស់
១៩បពិត្រព្រះជាម្ចាស់ខ្ញុំអើយហឫទ័យល្វឹងល្វើយសុចរិតណាស់
ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ឱព្រះជាម្ចាស់គ្មានអ្នកដូច
២០ព្រះអង្គបានធ្វើឱ្យយើងខ្ញុំជួបអាសន្នធំឈឺថ្ងូរថ្ងួច
ព្រះអង្គនឹងស្រង់ខ្ញុំឱ្យរួចជីវិតខ្ញុំដូចកើតជាថ្មី
២១ព្រះនឹងប្រទានឱ្យរូបខ្ញុំមានកិត្តិយសធំរឹតប្រពៃ
ព្រះអង្គសម្រាលទុក្ខជាថ្មីខ្ញុំរាល់ខែថ្ងៃមិនដែលខាន
២២រីឯរូបខ្ញុំនឹងរៀបចំចាប់ទាញប្រគុំឥតស្រាកស្រាន្ត
ចាប៉ីកំដរលេងកំសាន្តថ្លែងអរព្រះគុណព្រះអង្គខ្លាំង
ដ្បិតព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង
ដេញពិណច្រៀងរាំថ្វាយព្រះអង្គព្រះម្ចាស់ផូរផង់អ៊ីស្រាអែល
២៣ខ្ញុំនឹងលេងភ្លេងច្រៀងអំណរព្រោះទ្រង់បន្តប្រោសឥតដែល
ឱ្យខ្ញុំមានទុក្ខធ្ងន់ក្រាស់ក្រែលរំដោះជីវិតខ្ញុំតទៅ
២៤ខ្ញុំនឹងពោលថ្លែងពីសេចក្តីសុចរិតប្រពៃគ្មានហ្មងសៅ
ដ្បិតអ្នកដែលមានចិត្តអាស្រូវអ្នកនោះនឹងត្រូវអាម៉ាស់មុខ