ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៨ (៥៧) បទពាក្យ ៧

ឱពួកចៅក្រមទាំងឡាយអើយពាក្យអ្នកនិយាយពេលកាត់ក្តី
ជាពាក្យត្រឹមត្រូវល្អប្រពៃហើយមានអត្ថន័យពិតឬទេ ?
តែផ្ទុយទៅវិញតាមការពិតពួកអ្នកប្រព្រឹត្តទុច្ចរិតទ្វេ
ដោយចិត្តចេតនាឥតកែប្រែចូលចិត្តគិតតែរឿងឃោរឃៅ
ឯមនុស្សវៀចវេរចិត្តអាក្រក់ល្បិចខ្មៅកខ្វក់សែនអាស្រូវ
មានតាំងពីខ្លួនគេស្ថិតនៅមិនដឹងខុសត្រូវក្នុងផ្ទៃម្តាយ
ខ្លួនគេមានពិសដូចសត្វពស់មិនខ្ចីស្រណោះមិនខ្វល់ខ្វាយ
ធ្វើថ្លង់មិនឮសព្វស័ព្ទអ្វីដូចពស់ចង្រៃដ៏កំណាច
មិនដែលចេះឮសូរសំឡេងទោះគ្រូចាស់ក្មេងមានអំណាច
គ្រូអាលម្ពាយចាប់ពស់កាចអ្នកមានអំណាចពូកែក្តី
ឱព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្តើយកុំប្រណី
កាច់បំបាក់ធ្មេញមនុស្សអប្រីយ៍ចង្កូមសត្វព្រៃអស់ទាំងនោះ
សូមឱ្យជីវិតគេរសាត់ប៉ើងបក់ទៅបាត់កុំស្រណោះ
ដូចទឹកដែលហូរធ្លាក់ពីជ្រោះឱ្យពួកគេនោះរាបដូចស្មៅ
សូមឱ្យពួកគេដូចជន្លេនដងខ្លួនពត់ពេនហើយវារទៅ
ស្ងួតខ្លួនក្រៀមក្រោះដោយកម្តៅដូចកូនដែលត្រូវធ្លាក់រលូត
១០ព្រះម្ចាស់ធ្វើឱ្យពួកមនុស្សចិត្តពាលទុយ៌សវិនាសផុត
ដូចជាបន្លាដ៏ស្រួចមុតត្រូវក្រៀមក្រោះស្វិតខ្យល់ផាត់ទៅ
១១រីឯពួកមនុស្សសុចរិតរីករាយក្នុងចិត្តមិនអាស្រូវ
ដោយព្រះសងសឹកនឹងសត្រូវឱ្យគេស្គាល់នូវក្តីវិនាស
១២មនុស្សម្នានាំគ្នាពោលថាអ្នកត្រង់ល្អជាចម្រើនច្បាស់
ព្រោះយើងមានព្រះជាអម្ចាស់នៅជួយជំរះក្តីមនុស្សលោក