ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៧ (៥៦) បទព្រហ្មគីតិ

ឱព្រះជាម្ចាស់សូមមេត្តាប្រោសអាណិតមេត្តា
ដ្បិតទូលបង្គំពឹងរាល់វេលាជ្រកក្រោមឫទ្ធា
ចេស្តាបារមី
ខ្ញុំស្រែកហៅរកសូមព្រះយាងមកប្រញាប់ឃ្មាតខ្មី
ព្រះខ្ពស់បំផុតលើភពផែនដីប្រទានសព្វអ្វី
តាមខ្ញុំប្រាថ្នា
សូមទ្រង់ប្រទានសង្គ្រោះពីស្ថានបរមសុខណា
សូមជួយកម្ចាត់សត្រូវឫស្យាសម្តែងមេត្តា
ករុណាដល់ខ្ញុំ
សត្រូវនាំគ្នាព័ទ្ធខ្ញុំដូចជាសត្វសិង្ហដ៏ធំ
ចាំស៊ីសាច់មនុស្សដូចមានគំនុំវាមើលមកខ្ញុំ
ដូចនំចំណី
ឱព្រះម្ចាស់អើយកុំគង់កន្តើយសម្តែងបារមី
ឧត្តុង្គឧត្តមថ្កុំថ្កើងថ្លាថ្លៃចែងចាំងលើដី
រស្មីត្រចង់
សត្រូវរបស់រូបខ្ញុំទាំងអស់ប្រុងប្រៀបប៉ុនប៉ង
គេរាយអន្ទាក់ចាំដាក់ខ្ញុំផងចាប់ខ្ញុំតែម្តង
យកទៅសម្លាប់
គេជីករណ្តៅធំហើយសែនជ្រៅហើយគេពួនស្តាប់
ពេលណាខ្ញុំធ្លាក់គេនឹងមកចាប់តែមិនចំណាប់
ភ្លាត់ធ្លាក់ខ្លួនឯង
បពិត្រព្រះម្ចាស់ខ្ញុំទុកចិត្តច្បាស់លើទ្រង់ក្រៃលែង
ទុកចិត្តទាំងស្រុងបារមីជាក់ស្តែងខ្ញុំសូមសម្តែង
បទទំនុកថ្មី
ព្រលឹងខ្ញុំអើយកុំនៅកន្តើយប្រញាប់ឃ្មាតខ្មី
ឱឃឹមនិងពិណកុំនៅស្ងៀមអីបន្លឺបទថ្មី
ដាស់ថ្ងៃឱ្យរះ
១០ឱព្រះម្ចាស់អើយរូបខ្ញុំនេះហើយនឹងតម្កើងព្រះ
នៅក្នុងចំណោមប្រជាទាំងអស់លើកព្រះដោយស្មោះ
ឱ្យជាតិផ្សេងយល់
១១ដ្បិតព្រះហឫទ័យករុណាប្រណីព្រះម្ចាស់ខ្ពស់ដល់
ទៅលើផ្ទៃមេឃឥតមានកិច្ចកលបារមីខ្ពស់ដល់
វេហាស៍អាកាស
១២ព្រះជាម្ចាស់អើយកុំនៅកន្តើយបង្ហាញឱ្យច្បាស់
បារមីឧត្តុង្គឧត្តមត្រចះព្រះខ្ពង់ខ្ពស់ណាស់
នៅលើមេឃា
សូមឱ្យសិរីរុងរឿងថ្លាថ្លៃភ្លឺមហិមា
រស្មីចែងចាំងនៅលើវេហាភ្លឺខ្លាំងអស្ចារ្យ
លើដីទាំងមូល