ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៦ (៥៥) បទព្រហ្មគីតិ

ឱព្រះម្ចាស់ថ្លាថ្លៃសូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណាវាយប្រហារទូលបង្គំ
ជារៀងរាល់ខែឆ្នាំសត្រូវចាំចង់គំនុំ
ដេញវាយប្រហារខ្ញុំធ្វើឫកធំមកប្រយុទ្ធ
ឱព្រះជាម្ចាស់អើយថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ផ្ញើជីវិតលើព្រះអង្គ
ខ្ញុំកោតសរសើរព្រះបន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
ជារៀងរាល់ថ្ងៃខែគេតែងតែតិះដៀលស្តី
ឱរាខ្ញុំរីងរៃមនុស្សចង្រៃតាមផ្តន្ទា
គេឃ្លាំចាំតាមដានមិនដែលខានរាល់វេលា
រកឱកាសផ្តន្ទាចង់ប្រហារខ្ញុំឱ្យក្ស័យ
ឱព្រះជាអម្ចាស់សូមដាក់ទោសកុំប្រណី
តាមតែមនុស្សព្រៃផ្សៃកុំប្រណីដល់សោះឡើយ
ព្រះអង្គជ្រាបយ៉ាងច្បាស់ខ្ញុំរងទោសទុក្ខឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយទឹកភ្នែកខ្ញុំរាល់វេលា
១០ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធ្វើអ្វីរូបខ្ញុំបាន ?
១៣ឱព្រះជាម្ចាស់អើយពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មានដែលខ្ញុំបានពោលបែរបន់
១៤ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្ត្រព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក