ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥០ (៤៩) បទព្រហ្មគីតិ

ព្រះអង្គម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្តីដល់ខាងកើត
ព្រះជាម្ចាស់ចែងចាំងពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាតត្រូវតាមខ្នាតឥតមានខ្ចោះ
សូមព្រះអង្គយាងមកជាជម្រកយើងរួមរស់
កុំនៅស្ងៀមដូច្នោះសូមសន្តោសត្រួសត្រាយផ្លូវ
ពេលព្រះអង្គយាងមកខ្យល់បក់បោកខ្លាំងពេកកូវ
មានភ្លើងឆេះសន្ធៅជុំវិញនៅមុខព្រះអង្គ
ព្រះអង្គហៅមេឃដីធ្វើសាក្សីគ្រានោះផង
វិនិច្ឆ័យទោសខុសឆ្គងរាស្រ្តព្រះអង្គទាំងប៉ុន្មាន
ព្រះអង្គមានបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ផ្ទៃមេឃប្រកាសប្រាប់ឱ្យបានឆាប់ឥតរួញរា
ព្រះម្ចាស់មានឫទ្ធាជាចៅក្រមដ៏សុចរិត
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនស្តីបន្ទោសអ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយអចិន្ត្រៃយ៍មិនដែលអាក់
យើងមិនត្រូវការយកគោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ពីក្រោលអ្នកនោះឡើយណា
១០ដ្បិតសត្វទាំងប៉ុន្មានដែលធ្លាប់មានក្នុងព្រឹក្សា
សត្វរាប់សែននោះណាគឺសុទ្ធជាកម្មសិទ្ធិយើង
១១យើងស្គាល់អស់បក្សីនៅតាមព្រៃមិនរំលង
សត្វរស់តាមភ្នំផងជារបស់យើងមិនសល់
១២ប្រសិនបើយើងឃ្លានយើងនឹងហ៊ានមិនបាច់ខ្វល់
អ្វីៗគ្មានសេសសល់លើសកលយើងជាម្ចាស់
១៣យើងមិនដែលត្រូវការសាច់គោបាយើងស្អប់ណាស់
ហើយក្រៅអំពីនោះយើងមិនប៉ះឈាមពពែ
១៤តង្វាយផងទាំងឡាយដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតាម
១៥នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
១៨ពេលណាអ្នកជួបចោរអ្នកអបអររួមស្ម័គ្រស្មោះ
ចូលដៃគិតរួមរស់ពួកទុយ៌សពិតជាក់ច្បាស់
១៩មាត់អ្នកតែងស្រដីពាក្យអប្រីយ៍ឥតអៀនខ្មាស
អណ្តាតអ្នកគ្រលាស់ពាក្យបោកប្រាសមិនដែលភ្លេច
២០អ្នកត្រៀមចិត្តត្រៀមកាយឥតជិនណាយជាប់ជានិច្ច
ចោទបងប្អូនដោយល្បិចទោះជាសាច់ខ្លួនបង្កើត
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២២អស់អ្នកដែលកែគេចខំបំភ្លេចព្រះជាម្ចាស់
ចូររិះគិតឱ្យច្បាស់សេចក្តីនេះទាំងអស់ទៅ
ក្រែងយើងបំផ្លាញអ្នកពិតជាជាក់មិនទុកទៅ
ហើយគ្មានអ្នកណាទៅជួយរំដោះយកអ្នកឡើយ
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ