ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤៧ (៤៦) បទកាកគតិ

ឱជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
ព្រះអង្គបង្ក្រាបគ្រប់ជាតិឱ្យរាបមកជាចំណុះ
មិនឱ្យរួចខ្លួនជាតិណាមួយសោះស្ម័គ្រចិត្តស្រួលស្រុះ
ក្រោមអំណាចយើង
ព្រះអង្គជ្រើសរើសទឹកដីគ្រប់ទិសជាមរតកថ្កើង
ឱ្យយើងខ្ពស់មុខគ្មានអ្វីកើតឡើងវិសេសរុងរឿង
យ៉ាកុបល្អឯក
ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
ស្នូរត្រែតន្ត្រី
ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្ត្រី
ថ្វាយព្រះនៃយើង
ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត
១០ពួកមេដឹកនាំមកមីរជួបជុំឥតមានខកខាន
ជាប្រជាជនវិសុទ្ធថ្កើងថ្កានព្រះដ៏ចំណាន
អប្រាហាំថ្លៃ
ដ្បិតមហាក្សត្រម្ចាស់ផែនដីស្ថិតក្រោមម្លប់បារមី
អំណាចព្រះម្ចាស់ខ្លាំងលើសអ្វីៗក្នុងនាលោកីយ៍
គ្មានអ្វីស្មើផង