១ | សូមកុំចងកំហឹង | ច្រណែននឹងអ្នកប្រព្រឹត្ត | |
| អំពើទុច្ចរិត | និងចូលចិត្តពោលមុសា | ។ |
២ | ដ្បិតគេនឹងវិនាស | មិនអាចចៀសផុតឡើយណា | |
| ប្រៀបដូចស្មៅឬផ្កា | អស់ខ្លឹមសារស្រពោនស្វិត | ។ |
៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
| លើព្រះដ៏សក្តិសិទ្ធ | នោះអ្នកពិតជាសុខសាន្ត | ។ |
៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ |
៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
| ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ |
៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
| អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ |
៧ | ចូរស្ងប់ស្ងៀមចំពោះ | ព្រះភក្ត្រព្រះអម្ចាស់ថ្លៃ | |
| កុំខឹងច្រណែនអី | នឹងជោគជ័យមនុស្សសុចរិត | ។ |
៨ | កំហឹងចោលឱ្យឆ្ងាយ | ក្តៅក្រហាយត្រូវឈប់គិត | |
| ព្រោះនាំឱ្យខូចចិត្ត | នាំគំនិតកករល្អក់ | ។ |
៩ | ព្រះម្ចាស់នឹងកាត់កាល់ | អស់អ្នកដែលធ្វើអាក្រក់ | |
| តែអ្នកសង្ឃឹមជាក់ | ទៅលើព្រះនឹងបានកេរ | ។ |
១០ | នៅតែបន្តិចទៀត | មនុស្សមានស្នៀតមិនមានទេ | |
| ទោះអ្នកខំរិះរេ | រកមើលគេក៏គ្មានអ្វី | ។ |
១១ | មនុស្សស្លូតស្មោះសរ | គេនឹងទទួលទឹកដី | |
| ជាមរតកប្រពៃ | លែងព្រួយភ័យបានសុខសាន្ត | ។ |
១២ | ជនពាលតែងឃុបឃិត | រឿងឧក្រិដ្ឋចិត្តសាមាន្យ | |
| ប្រឆាំងឥតស្រាកស្រាន្ត | ទៅរំខានមនុស្សសុចរិត | ។ |
១៣ | តែព្រះម្ចាស់ចំអក | ដាក់ឱ្យពួកជនឧក្រិដ្ឋ | |
| ព្រះអង្គជ្រាបរឿងពិត | ព្រោះគេជិតវិនាសហើយ | ។ |
១៤ | គេខំហូតធ្នូដាវ | យ៉ាងសាហាវមិនកន្តើយ | |
| ប្រហារមិនទុកឡើយ | អ្នកខ្សត់ខ្សោយទុរគតត្រង់ | ។ |
១៥ | ប៉ុន្តែដាវពួកគេ | នឹងវិលរេបែរតម្រង់ | |
| ចាក់ទម្លុះបេះដូង | គេតែម្តងមិនរារែក | ។ |
១៦ | ទ្រព្យនៃជនសុចរិត | តិចមែនពិតតែល្អឯក | |
| ប្រសើរជាពន់ពេក | ជាងសម្បត្តិមនុស្សអាក្រក់ | ។ |
១៧ | ព្រះអង្គនឹងទម្លាក់ | កាច់បំបាក់មនុស្សគម្រក់ | |
| តែទ្រង់បែរថ្នមថ្នាក់ | ថែទាំអ្នកដែលសុចរិត | ។ |
១៨ | ព្រះម្ចាស់យកព្រះទ័យ | ទុកដាក់ក្រៃនឹងជីវិត | |
| រក្សាមិនឱ្យបាត់ | នៅស្ថេរស្ថិតជាកេរកោះ | ។ |
១៩ | នៅពេលមានអាសន្ន | គេមិនស្លន់ឬអាម៉ាស់ | |
| មានអាហារមិនខ្វះ | ទោះប្រទះគ្រោះទុរ្ភិក្ស | ។ |
២០ | រីឯមនុស្សអាក្រក់ | ចិត្តគម្រក់ទ្រង់មិននឹក | |
| សត្រូវច្រើនសន្ធឹក | ជួបវរវឹកវិនាសអស់ | ។ |
២១ | បើមនុស្សពាលខ្ចីអ្វី | មិនដែលលៃសងវិញសោះ | |
| រីអ្នកសុចរិតស្មោះ | ចេះរំដោះទ្រព្យឥតស្តាយ | ។ |
២២ | អ្នកដែលព្រះអម្ចាស់ | តែងសន្តោសប្រោសប្រណី | |
| ទ្រង់ប្រទានពរជ័យ | ទាំងទឹកដីទុកជាកេរ | ។ |
| រីអ្នកដែលមិនគាប់ | មិនសំណព្វទ្រង់បង្វែរ | |
| បណ្តាសាទៅគេ | មិនទុកទេទ្រង់កាត់ចិត្ត | |
២៣ | ព្រះម្ចាស់បានពង្រឹង | ជំហរនឹងមនុស្សសុចរិត | |
| ឱ្យបានមាំមួនពិត | រួចទ្រង់គិតសព្វព្រះទ័យ | ។ |
២៤ | ទោះបីបើគេភ្លាត់ | ជើងមិនស្ទាត់ក៏មិនភ័យ | |
| មិនដួលធ្លាក់ដល់ដី | ព្រោះបារមីព្រះអម្ចាស់ | ។ |
២៥ | តាំងពីខ្ញុំក្មេងខ្ចី | មិនដឹងអីលុះចំណាស់ | |
| មិនដែលឃើញព្រះម្ចាស់ | ទ្រង់បង់បោះអ្នកសុចរិត | ។ |
២៦ | មនុស្សស្លូតទៀងត្រង់ | ឥតសៅហ្មងតែងអាណិត | |
| អាសូរញាតិឆ្ងាយជិត | គ្មានគំនិតគៃកឹបទេ | ។ |
២៧ | ចូរកុំធ្វើអាក្រក់ | រឿងគម្រក់កុំទៅក្បែរ | |
| នោះអ្នកនឹងស្ថិតស្ថេរ | លើដីកេរតរៀងទៅ | ។ |
២៨ | ព្រះម្ចាស់សព្វព្រះទ័យ | ពន់ពេកក្រៃគ្មានហ្មងសៅ | |
| យុត្តិធម៌ត្រង់ត្រឹមត្រូវ | តរៀងទៅទ្រង់មិនភ្លេច | ។ |
| ព្រះអង្គមិនបង់បោះ | គេទាំងនោះដោយកលល្បិច | |
| ព្រះអង្គជាន់ពន្លិច | វិនាសខ្ទេចពូជអាក្រក់ | ។ |
២៩ | អ្នកត្រង់នឹងទទួល | ដីនិមលជាកេរកោះ | |
| ជីវិតគេនឹងរស់ | លើដីនោះរហូតទៅ | ។ |
៣០ | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ | |
| ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ | ។ |
៣១ | វិន័យព្រះអម្ចាស់ | ដិតជាប់ច្បាស់ក្នុងចិត្តគេ | |
| មិនឃ្លាតចាកបែកបែរ | ពីមាគ៌ាព្រះអង្គឡើយ | ។ |
៣២ | ពួកពាលចាំឃ្លាំមើល | យ៉ាងងងើលមិនកន្តើយ | |
| លើមនុស្សសុចរិតហើយ | មិនព្រងើយរកសម្លាប់ | ។ |
៣៣ | ប៉ុន្តែព្រះអម្ចាស់ | មិនបង់បោះឱ្យគេស្លាប់ | |
| ធ្លាក់ចូលដោយមិនប្រាប់ | ជាចំណាប់ជនអាក្រក់ | ។ |
៣៤ | ចូរសង្ឃឹមទុកចិត្ត | ផ្ញើជីវិតកុំដំអក់ | |
| លើព្រះដ៏សប្បុរស | ទ្រង់នឹងប្រោសហើយលើកអ្នក | ។ |
| ឱ្យគ្រប់គ្រងលើដី | មរតកថ្លៃប្រាកដជាក់ | |
| អ្នកនឹងឃើញប្រត្យក្ស | មនុស្សអាក្រក់កាត់កាល់ចោល | ។ |
៣៥ | ខ្ញុំឃើញជនបាបកាច | ប្រើអំណាចបែបកំរោល | |
| គេលូតលាស់ឡើងថ្គោល | ដូចដើមឈើស្លឹកខៀវខ្ចី | ។ |
៣៦ | ក្រោយមកគេរលាយ | សូន្យទៅឆ្ងាយមិនសល់អ្វី | |
| ខ្ញុំខំរករំពៃ | មិនឃើញអ្វីទាល់តែសោះ | ។ |
៣៧ | ចូរមើលមនុស្សទៀងត្រង់ | មិនវៀចវង់ពិតជាស្មោះ | |
| សន្សំសុខទាំងអស់ | ខាងមុខនោះនឹងរុងរឿង | ។ |
៣៨ | រីឯពួកមនុស្សបាប | ដូចភ្លើងឆាបឬខ្យល់ប៉ើង | |
| ព្រះអង្គកាត់ពូជពង្ស | ពួកមនុស្សពាលទមិឡចោលចេញ | ។ |
៣៩ | ព្រះម្ចាស់តែងសង្គ្រោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
| ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ |
៤០ | ព្រះអម្ចាស់សង្គ្រោះ | និងរំដោះមិនភាំងភាន់ | |
| សង្គ្រោះគេបន្ទាន់ | ព្រោះជ្រកកោនក្រោមបារមី | ។ |