ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣២ (៣១) បទព្រហ្មគីតិ

អ្នកដែលព្រះជាម្ចាស់លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យមានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់មិនចាប់ទោសផុតអំពល់
គ្មានចិត្តរៀចវិលវល់មានមង្គលសុខឥតល្ហែ
ដរាបណារូបខ្ញុំនៅមិនព្រមសារភាពទេ
នោះខ្ញុំកើតទុក្ខទ្វេមិនឈប់ទេចុកចាប់ក្រៃ
ដ្បិតព្រះអង្គដាក់ទោសព្រោះខ្ញុំខុសទាំងយប់ថ្ងៃ
ហេវខ្សោះស្ទើរក្សិណក្ស័យដូចជាដីហួតទឹកអស់
រូបខ្ញុំបានសារភាពអំពើបាបមុខព្រះម្ចាស់់
ខ្ញុំមិនលាក់លៀមសោះនូវកំហុសខ្ញុំនោះឡើយ
ទូលបង្គំពោលថាខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយទ្រង់លើកឱ្យរួចពីបាប
ហេតុនេះហើយបានជាអ្នករាល់គ្នាប្រណិប័តន៍ក្រាប
ព្រះម្ចាស់ជាដរាបជាប់រៀងរៀបមិនភិតភ័យ
ទោះជាមានកង្វល់ជួបព្យុះខ្យល់ទឹកជន់ក្តី
ព្រះម្ចាស់តែងប្រណីមិនឱ្យក្ស័យឬលិចលង់
ព្រះអង្គជាជម្រកឱ្យខ្ញុំជ្រកមិនឱ្យហ្មង
ការពាររូបខ្ញុំផងកម្ចាត់បង់អាសន្នភ័យ
យើងនឹងប្រដៅអ្នកឱ្យស្គាល់ជាក់ផ្លូវប្រពៃ
ផ្តល់យោបល់ថ្លាថ្លៃថែរាល់ថ្ងៃមិនឱ្យឆ្គង
កុំឆោតល្ងង់ដូចលាឬសេះជាជំនិះម្តង
ដាក់ដែកបង្ខាំផងរួចមានចងទាំងបង្ហៀរ
១០ជនពាលត្រូវរងគ្រប់ទុក្ខទោសសព្វវេទនា
ព្រះម្ចាស់តែងមេត្តាដល់អ្នកណាពឹងព្រះអង្គ
១១មនុស្សសុចរិតអើយកុំកន្តើយសប្បាយឡើង
អស់អ្នកដែលទៀងត្រង់ស្រែកហ៊ោរផងដោយអំណរ