ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២៩ (២៨) បទកាកគតិ

ទេវតាទាំងឡាយចូរនាំគ្នាថ្វាយតម្កើងព្រះម្ចាស់
លើកស្ទួយសេរីរុងរឿងត្រចះអនុភាពតេជៈ
របស់ព្រះអង្គ
ចូរលើកតម្កើងព្រះនាមថ្កុំថ្កើងក្នុងពេលនេះផង
ចូរនាំគ្នាថ្វាយបង្គំព្រះអង្គវិសុទ្ធឥតហ្មង
ព្រះនាមល្បាញល្បី
សូរសៀងព្រះម្ចាស់លាន់ឮយ៉ាងច្បាស់ពាសពេញផែនដី
ពីលើសាគរសមុទ្រធំក្រៃព្រះអម្ចាស់ថ្លៃ
គង់នៅលើទឹក
សូរសៀងព្រះម្ចាស់ស្ទើរបែកអាកាសលាន់ឮសន្ធឹក
ឫទ្ធានុភាពគគ្រឹមគគ្រឹកទោះយប់ល្ងាចព្រឹក
នៅតែថ្កុំថ្កើង
សូរសៀងព្រះម្ចាស់មានបារមីណាស់ដើមឈើដួលប៉ើង
ដើមធំបាក់មែកដើមតូចរលើងនៅភ្នំលីបង់
ខ្ទេចខ្ទីគ្មានសល់
ព្រះអង្គឱ្យភ្នំស៊ីរីយ៉ូនធំលោតឥតមានខ្វល់
ដូចកូនក្របីកូនគោគ្មានក្រោលត្រូវមេដើរចោល
គ្មានអ្នករក្សា
សូរសៀងព្រះម្ចាស់ខ្ទ័រខ្ទារខ្លាំងណាស់ពាសពេញវេហាស៍
មានទាំងរន្ទះបាញ់រះផងណានេះគឺចេស្តា
បារមីថ្កើងថ្កាន
សូរសៀងរបស់ព្រះម្ចាស់ទាំងអស់ឱ្យរហោស្ថាន
កក្រើកញាប់ញ័រគ្មានអ្វីស្មើបានទាំងរហោស្ថាន
ផែនដីរញ្ជួយ
សូរសៀងព្រះម្ចាស់អង្រួនទាំងអស់ឱ្យក្តាន់ញីព្រួយ
កំពុងកើតកូនអារម្មណ៍រញ្ជួយព្រមទាំងធ្វើឱ្យ
ស្លឹកឈើជ្រុះអស់
ពេលនោះមនុស្សម្នាទាំងអស់នាំគ្នាស្រែកដោយស្រួលស្រុះ
ក្នុងវិហារថាតម្កើងព្រះម្ចាស់ព្រះនាមរបស់
អម្ចាស់ថ្លាថ្លៃ
១០ព្រះអង្គគ្រប់គ្រងទឹកជំនន់ផងធំធេងពេកក្រៃ
ទ្រង់គឺជាព្រះមហាក្សត្រថ្លៃព្រះនាមល្បាញល្បី
គ្រងរាជ្យតទៅ
១១សូមព្រះអម្ចាស់ប្រណីសន្តោសកុំបង្អង់នៅ
ប្រទានកម្លាំងឱ្យរាស្ត្រតទៅកុំបីហ្មងសៅ
ឱ្យគេសុខសាន្ត