ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២៥ (២៤) បទពាក្យ៧

ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្តផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លាងឃ្លាតនឹកហើយគិតទៀតមិនបែកចិត្ត
បពិត្រព្រះម្ចាស់ទូលបង្គំពេលនេះរូបខ្ញុំផ្ញើជីវិត
សូមកុំឱ្យខ្ញុំត្រូវខកចិត្តព្រោះខ្មាំងជុំជិតមានជោគជ័យ
អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១ឱ! ព្រះអម្ចាស់ប្រណីប្រោសកុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់
អំពើទុច្ចរិតមានពីមុនសូមក្រាបកាយលន់តួព្រះម្ចាស់
១២អស់អ្នកគោរពហើយកោតខ្លាចឫទ្ធីអំណាចបានស្គាល់ច្បាស់
ទ្រង់បង្ហាញផ្លូវឥតក្រឡះដែលគេត្រូវជ្រើសតាមចិន្តា
១៣នោះគាត់បានសុខមានមង្គលឥតមានខ្វាយខ្វល់គ្រប់វេលា
ពូជពង្សកូនចៅទាំងអស់គ្នាគ្រងស្រុកទុកជាកេរមតក
១៤ព្រះតែងសម្តែងភក្តីភាពអ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី
១៥រូបខ្ញុំសម្លឹងរកព្រះអង្គឥតមានភ្លេចម្តងរៀងរាល់ថ្ងៃ
ព្រះអង្គរំដោះផុតទុក្ខភ័យផុតពីក្សិណក្ស័យផុតអន្ទាក់
១៦សូមព្រះអង្គបែរព្រះភក្ត្រមកសណ្តោងយោងយកកុំអន់អាក់
ប្រណីសន្តោសផុតគ្រោះថ្នាក់ដ្បិតរូបខ្ញុំម្នាក់នៅឯកា
១៧រូបខ្ញុំលំបាកចិត្តពេកក្រៃរាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា
មេត្តាដកយកទុក្ខនេះណាធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ
១៨សូមទតមកមើលទុក្ខវេទនាចុកចាប់ឈឺផ្សាទូលបង្គំ
អត់ទោសឱ្យរួចពីទុក្ខធំវេទនាទួញយំផុតបាបផង
១៩សូមទតមកមើលខ្មាំងសត្រូវគ្នាច្រើនពេកកូវចិត្តយង់ឃ្នង
គេស្អប់គេខ្ពើមក្រៃកន្លងចិត្តគេប៉ុនប៉ងចងគួនគុំ
២០មេត្តាជួយការពារជីវិតរំដោះឱ្យផុតពីទុក្ខធំ
ខ្ញុំសូមពឹងលើព្រះឧត្តមកុំឱ្យរូបខ្ញុំខកចិត្តឡើយ
២១រូបខ្ញុំទុកចិត្តលើព្រះអង្គសូមមេត្តាផងកុំកន្តើយ
រក្សាជីវិតខ្ញុំបានស្បើយព្រោះខ្ញុំនេះហើយចិត្តសប្បុរស
២២ឱព្រះអម្ចាស់នៃខ្ញុំអើយសូមកុំព្រងើយធ្វើដូច្នោះ
រំដោះអ៊ីស្រាអែលឱ្យរួចទោសវេទនាទាំងអស់បានសុខសាន្ត