ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២៤ (២៣) បទពាក្យ៧

អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្តនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ត
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប
ឱ!ទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមកមានជ័យមានជោគលើពិភព
ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
១០តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺទ្រង់ជាម្ចាស់ពិភពលោកពីដើមរៀងមកលុះឥឡូវ