ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២០ (១៩) បទពាក្យ ៧

សូមព្រះអម្ចាស់ជួយតបឆ្លើយទៅនឹងចម្លើយព្រះករុណា
សូមនឹកនាមព្រះយ៉ាកុបណាជួយថែរក្សាការពារស្តេច
សូមព្រះអង្គជួយព្រះរាជាពីព្រះវិហារឱ្យសម្រេច
គាំទ្រករុណាដែលជាស្តេចឱ្យបានសម្រេចពីស៊ីយ៉ូន
សូមទ្រង់នឹកឃើញដល់តង្វាយដែលរាជាថ្វាយកុំសោះសូន្យ
ឱ្យគាប់ហឫទ័យកុំស្រពោនរាជាបញ្ជូនមកបូជា
សូមទ្រង់ប្រទាននូវអ្វីៗដែលមហាក្សត្រថ្លៃប៉ងប្រាថ្នា
ឱ្យសម្រេចតាមគម្រោងការសូមព្រះករុណាបានជោគជ័យ
យើងនាំគ្នាសើចហ៊ោរសប្បាយសំណើចក្អាកក្អាយគ្មានព្រួយភ័យ
នាំគ្នាជួយលើកដងទង់ជ័យក្នុងនាមម្ចាស់ថ្លៃព្រះខ្ពង់ខ្ពស់
ឥឡូវនេះខ្ញុំបានដឹងច្បាស់ថាព្រះអម្ចាស់ព្រះសង្គ្រោះ
ចាក់ប្រេងអភិសេកព្រះគ្រីស្តនោះបានថ្កើងថ្កានខ្ពស់ឆ្ពោះបរមសុខ
អ្នកខ្លះពឹងផ្អែករទេះច្បាំងខ្លះពឹងកម្លាំងសេះនាំមុខ
រីឯយើងវិញបានក្តីសុខព្រោះតែយើងទុកចិត្តព្រះម្ចាស់
ពួកគេបាក់ទ័ពបរាជ័យដេកដួលនៅដីរត់ព្រាត់ប្រាស
រីឯយើងវិញមាំមួនណាសជំហរឈរច្បាស់យ៉ាងរឹងប៉ឹង
១០សូមព្រះជាម្ចាស់ជួយសង្គ្រោះព្រះរាជានោះមានលំនឹង
សំឡេងយើងខ្ញុំរកទីពឹងសូមទ្រង់ឆ្លើយវិញកុំបីខាន