ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១១ (១០) បទកាកគតិ

ខ្ញុំបានជ្រកកោនមិនដែលស្រពោនក្រោមម្លប់បារមី
នៃព្រះអម្ចាស់ចុះរឿងហេតុអ្វីអ្នករាល់គ្នាស្តី
ឱ្យជ្រកតាមភ្នំ ?
ជនពាលយិតធ្នូព្រួញខ្សែទាំងគូបម្រុងបាញ់ផ្គុំ
ពីទីងងឹតដែលគេសំងំត្រៀមបាញ់ឱ្យចំ
ពួកអ្នកត្រង់ស្មោះ
ប្រសិនបើច្បាប់ជាគ្រឹះមាំជាប់ត្រូវរលំអស់
តើមនុស្សសុចរិតទាំងស្រីទាំងប្រុសធ្វើអ្វីកើតនោះ
សូមជួយរិះគិត
ព្រះម្ចាស់គង់ក្នុងវិហារព្រះអង្គដ៏វិសុទ្ធពិត
បល្ល័ង្ករបស់ព្រះអង្គស្ថេរស្ថិតឈ្វេងយល់គំនិត
របស់មនុស្សលោក
ព្រះអង្គពេញចិត្តនឹងមនុស្សសុចរិតតែមិនព្រមយក
មនុស្សកាចពាលាចូលចិត្តឆរបោកតែងតែរិះរក
ប្រព្រឹត្តឃោរឃៅ
សូមទ្រង់ដាក់ទោសមនុស្សពាលទាំងនោះដោយភ្លើងសន្ធៅ
មានទាំងស្ពាន់ធម៌បង្អុរចុះទៅមានទាំងខ្យល់ក្តៅ
បក់បោកមកដែរ
ដ្បិតព្រះអម្ចាស់មានហឫទ័យស្មោះឥតមានបែកបែរ
មនុស្សទៀងត្រង់គ្មានចិត្តរៀចវេរនឹងបាននៅក្បែរ
ឃើញភក្ត្រព្រះអង្គ