ទំនុកតម្កើងលេខ ១០ (៩ ត) បទព្រហ្មគីតិ
១ | ឱ! ព្រះជាម្ចាស់អើយ | ហេតុអ្វីឡើយក៏ព្រះអង្គ | |
ចាកឆ្ងាយយាងទៅគង់ | សម្ងំឈឹងដូច្នេះណា? | ។ | |
២ | មនុស្សពាលតាមធ្វើបាប | អ្នកទន់ទាបរងសោកា | |
គេប្រើល្បិចឫស្យា | ឱ្យអ្នកជាជាប់អន្ទាក់ | ។ | |
៣ | មនុស្សពាលតែងតែអួត | កុហកភូតភរលួចលាក់ | |
ពេលបានជោគជ័យជាក់ | គេចំអកដាក់ព្រះអង្គ | ។ | |
៤ | ពួកគេវាយឫកខ្ពស់ | ពោលទ្រគោះដោយមិនចង់ | |
រវល់នឹងព្រះអង្គ | គិតលះបង់ព្រះអម្ចាស់ | ។ | |
៥ | អ្វីៗដែលគេធ្វើ | តែងប្រសើរចម្រើនណាស់ | |
មិនដែលគិតថាព្រះ | វិនិច្ឆ័យច្បាស់ទោសនោះឡើយ | ។ | |
៦ | គេតែងនឹកគិតថា | «អញនេះណាមាំមួនហើយ | |
មិនរង្គើសោះឡើយ | ទុក្ខទាំងឡាយមិនហ៊ានបៀត» | ។ | |
៧ | មាត់គាត់ជេរផ្តាសា | មិនបានការពាក្យចោលម្សៀត | |
បង្កាច់កុហកទៀត | ស្តែងមារយាទមិនគួររាប់ | ។ | |
៨ | គេតែងពួនស្ទាក់ចាំ | នៅក្បែរភូមិត្រៀមសន្ធាប់ | |
គេចាំឃ្លាំមើលជាប់ | រួចសម្លាប់ជនត្រង់ស្លូត | ។ | |
៩ | គេពួនដូចសត្វសិង្ហ | សំងំឈឹងតាមគម្ពោត | |
ស្នាក់ចាប់ជនទុរគត | ទាក់ទាញព័ទ្ធចូលអន្ទាក់ | ។ | |
១០ | គេក្រាបពួននៅដី | ហើយឃ្មាតខ្មីទាញទម្លាក់ | |
ស្ទុះចាប់មិនសល់ម្នាក់ | សាហាវជាក់គ្មានបន្លំ | ។ | |
១១ | ជនពាលគិតថា៖«ព្រះ | ជាអម្ចាស់មិនបារម្ភ | |
ព្រះនេត្របិទសំងំ | មិនទតចំទាល់តែសោះ» | ។ | |
១២ | ឱ! ព្រះអម្ចាស់អើយ | ពេលនេះហើយកុំបង់បោះ | |
តើនឡើងបង្ហាញអស់ | ឫទ្ធិតេជះនៃព្រះអង្គ | ។ | |
១៣ | ហេតុអ្វីមនុស្សអាក្រក់ | ពោលចំអកព្រះយ៉ាងហ្នឹង! | |
ចិត្តគេតែងរំពឹង | ថា «ព្រះអង្គមិនរករឿង» | ។ | |
១៤ | ព្រះអង្គទតឃើញទុក្ខ | លំបាកសុខនៃមនុស្សយើង | |
កម្សត់អត់ទីពឹង | ព្រះអង្គនឹងជួយជានិច្ច | ។ | |
មនុស្សដែលទន់ទាប | ជាដរាបផ្ញើជីវិត | ||
លើព្រះម្ចាស់ជានិច្ច | ទ្រង់មិនភ្លេចជនទុរគត | ។ | |
១៥ | សូមទ្រង់កាច់បំបាក់ | ដៃអស់អ្នកពាលឧក្រិដ្ឋ | |
ដាក់ទោសពួកទុច្ចរិត | ឱ្យគេឈប់ប្រព្រឹត្តពាល | ។ | |
១៦ | ព្រះអម្ចាស់ជាព្រះ | ខ្ពង់ខ្ពស់ណាស់ជាក្សត្រដែល | |
គ្រងរាជ្យអស់កល្បក្រែល | បំបាត់ចោលសាសន៍ដទៃ | ។ | |
១៧ | បពិត្រព្រះអម្ចាស់ | ឈ្វេងយល់ច្បាស់បំណងថ្មី | |
នៃមនុស្សទន់ទាបក្តី | អង្គក្សត្រថ្លៃលើកទឹកចិត្ត | ។ | |
១៨ | ព្រះអង្គរកយុត្តិធម៌ | ឱ្យអ្នកក្រមនុស្សសុចរិត | |
ត្រូវគេជាន់សង្កត់ | ពួកទុច្ចរិតមិនឱ្យមាន | ។ | |
មនុស្សនៅលើផែនដី | ជនប្រុសស្រីទាំងប៉ុន្មាន | ||
មិនអាចនឹងជិះជាន់ | អ្នកខ្សោយអន់ទៀតបានទេ | ។ |