ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្តាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ ។
តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក ។
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ ។
រីមនុស្សអាក្រក់មានចិត្តគម្រក់កេរ្តិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ ។
ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត ។
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្តរាយ ។